អភិបាលរងខេត្តពោធិ៍សាត់ ដាស់តឿនអាជីវករប្រេងឥន្ធនៈ កុំទទួលផលចោរកម្ម និងប្រកាសប្រគល់រង្វាន់ ១លានរៀល ជូនអ្នកផ្តល់តម្រុយចាប់ចោរលួចប្រេង
15-09-2026 10:59
(ពោធិ៍សាត់)៖ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ហានិភ័យនៃការទទួលផលចោរកម្ម ឈានទៅលុបបំបាត់ករណីចោរលួចប្រេង និងទប់ស្កាត់ផលិតផលក្លែងក្លាយ» ជូនដល់បងប្អូនអាជីវករលក់ដុំ និងលក់រាយប្រេងឥន្ធនៈ មកពីសង្កាត់រលាប សង្កាត់ព្រៃញី សង្កាត់ស្វាយអាត់ និងសង្កាត់ផ្ទះព្រៃ ក្នុងក្រុងពោធិ៍សាត់។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង នៅសាលប្រជុំសាលាក្រុងពោធិ៍សាត់ ដោយមានការចូលរួមពី លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលក្រុង លោកអនុប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោកអធិការនគរបាលក្រុង លោកចៅសង្កាត់-មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
បន្ទាប់ពី លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានឡើងរាយការណ៍អំពីទិន្នន័យទីតាំងអាជីវកម្មលក់ប្រេងឥន្ធនៈ ទាំងស្ថានីយ និងអ្នកលក់រាយ តាមបណ្តាសង្កាត់ទាំង៤ ព្រមទាំងបទបង្ហាញផ្លូវច្បាប់ និងបច្ចេកទេស ពី
តំណាងអាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរជំនាញនោះរួចមក, លោក ពៅ ពិសិដ្ឋ បានបញ្ជាក់ថា គោលបំណងចម្បងនៃការរៀបចំពិធីជួបជុំផ្សព្វផ្សាយនាពេលនេះ គឺដើម្បីលុបបំបាត់ករណីចោរលួចប្រេងឱ្យបាន ប្រកបដោយប្រសិទ្ធភាព និងចង់ឱ្យបងប្អូនអាជីវករទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ច ដាច់ខាតកុំទទួលផលចោរកម្ម ព្រមទាំងរួមគ្នាទប់ស្កាត់ការចរាចរផលិតផលក្លែងក្លាយ។
លោកបានគូសបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការយ៉ាងតឹងរ៉ឹង ក្នុងការធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនដល់អ្នកដំណើរ និងប្រជាពលរដ្ឋគ្រប់រូប ដែលធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រខេត្តពោធិ៍សាត់ ពិសេសបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានញុះញង់ ពាក់ព័ន្ធករណីចោរលួចប្រេងឡានខ្សែ។
លោក ពៅ ពិសិដ្ឋ បានស្នើឱ្យអាជីវករលក់រាយទាំងអស់ ត្រូវទិញប្រេងដែលមានប្រភពស្របច្បាប់ ចេញពីស្ថានីយត្រឹមត្រូវ ហើយត្រូវធ្វើជា «ភ្នាក់ងារព័ត៌មាន» ចូលរួមជាមួយសមត្ថកិច្ច ដោយរាយការណ៍ជាបន្ទាន់ នូវរាល់ករណីមានបុគ្គលយកប្រេងមកលក់ក្នុងតម្លៃខុសប្លែក ឬគ្មានប្រភពច្បាស់លាស់។
ជាមួយគ្នានោះ លោកបានប្រកាស ផ្តល់ប្រាក់រង្វាន់ចំនួន ១.០០០.០០០ រៀល (មួយលានរៀល) ជូនដល់ប្រជាពលរដ្ឋ ឬអាជីវករណាដែលផ្តល់ព័ត៌មានច្បាស់លាស់ រហូតឈានដល់ការចាប់ខ្លួនជនល្មើស ក្នុងករណីចោរលួចប្រេង។
លោកបានទទូចអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ឱ្យចូលរួមអនុវត្តតាមការណែនាំរបស់ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយត្រូវរួមគ្នាទប់ស្កាត់ការលក់ដូរ កែច្នៃផលិតផលក្លែងក្លាយ និងរួមគ្នាពហិការផលិតផលរបស់ចោរសៀម។
លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយ និងរៀបចំសណ្តាប់ធ្នាប់អាជីវកម្មប្រេងឥន្ធនៈនេះ នឹងចាប់ផ្តើមអនុវត្តដំបូងចេញពីទីក្រុងពោធិ៍សាត់ ហើយនឹងបន្តពង្រីកការអនុវត្តទៅកាន់បណ្តាស្រុកផ្សេងៗទៀតទូទាំងខេត្តពោធិ៍សាត់ នាពេលខាងមុខ៕











































