ក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជា នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃសុក្រចុងសប្តាហ៍នេះ
15-09-2026 07:27
(ភ្នំពេញ)៖ ក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជា (Cambodia Media Football) និងក្រុមបាល់ទាត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងត្រូវជួបគ្នាក្នុងជំនួបមិត្តភាព នៅលើវាលស្មៅនៃតារាងបាល់ទាត់ NBC Sports ជាលើកដំបូង នាម៉ោង ៦ដល់ម៉ោង៨យប់ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡានៅកម្ពុជា ជាពិសេសរឹតចំណងមិត្តភាពរវាងវិស័យព័ត៌មាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រុមបាល់ទាត់អ្នកសារព័ត៌មាន ដឹកនាំដោយលោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ហើយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនទៀតរួមមាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល , ទូរទស្សន៍ជាតិកម្ពុជា (TVK) , ទីភ្នាក់ងារព័ត៌មានជាតិ (AKP), សារព័ត៌មានភ្នំពេញប៉ុស្តិ៍, សារព័ត៌មាន AMS, ទូរទស្សន៍ CNC, សារព័ត៌មាន KiriPost, សារព័ត៌មាន KhmerTime, សារព័ត៌មានកម្ពុជាថ្មី, សារព័ត៌មាន CCTimes, សារព័ត៌មាន Camboja, សារព័ត៌មានថ្មីៗ និងសារព័ត៌មានឧកញ៉ា News ។
សូមជម្រាបថា នេះជាការប្រកួតមិត្តភាពលើកទី៣ របស់ក្រុមសារព័ត៌មានកម្ពុជា បន្ទាប់ពីប្រកួតមិត្តភាពចំនួនពីរលើកជាមួយ ក្រុមបាល់ទាត់សមាគមធនាគារនៅកម្ពុជា។ ដូចលើកមុនៗដែរការប្រកួតមិត្តភាពនេះ មិនផ្តោតខ្លាំងទៅលើលទ្ធផលនោះទេ ប៉ុន្តែការជួបគ្នានៅលើវាលស្មៅ ដើម្បីរឹតចំណងមិត្តភាពរវាងវិស័យព័ត៌មាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យកាន់តែស៊ីជម្រៅថែមទៀត បន្ថែមទៅលើទំនាក់ទំនងតាមរយៈការបំពេញការងារកន្លងមក។
ក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជា បានសម្តែងអរគុណដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលតែងតែចូលរួមឧបត្ថម្ភ ក្នុងការទ្រទ្រង់សកម្មភាពនៃការប្រកួតនានា របស់ក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជា៕


