ក្រសួងការពារជាតិកម្ពុជា-បារាំង រួមគ្នាបើកវគ្គហ្វឹកហ្វឺននាយទាហានសេនាធិការ UN និយាយភាសាបារាំង លើកទី១ នៅកម្ពុជា សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព
14-09-2026 22:08
(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានធ្វើជាម្ចាស់ផ្ទះជាលើកដំបូង បើកវគ្គហ្វឹកហ្វឺនជំនាញនាយទាហានសេនាធិការអង្គការសហប្រជាជាតិ និយាយភាសាបារាំង សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព។ វគ្គហ្វឹកហ្វឺននេះបានធ្វើឡើងក្រោមការទ្វេភាគីរវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសបារាំង។
ពិធីបើកវគ្គហ្វឹកហ្វឺនធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ តំណាងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ដោយមានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ទោ ស្តេហ្វាន រីឈូ (Stephane RICHOU) ប្រធាននាយកដ្ឋានទំនាក់ទំនងសន្តិសុខ និងការពារជាតិ ប្រទេសបារាំង និងលោក ហ្គោលឡាឌីយ៉ូ ប៊ីអេ តំណាងអគ្គលេខាធិការនៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី។
តាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ សម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្ដីទីមជ្ឈមណ្ឌលជាតិ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០២៦ សាធារណរដ្ឋបារាំង បានបើកវគ្គហ្វឹកហ្វឺននាយទាហានសេនាធិការអង្គការសហប្រជាជាតិ និយាយភាសាបារាំង នៅប្រទេសចំនួន ៦លើករួចមកហើយ។ ចំពោះវគ្គហ្វឹកហ្វឺនលើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមការជួយគាំទ្រឧបត្ថម្ភពីសាធារណរដ្ឋបារាំង គឺជាវគ្គហ្វឹកហ្វឺនលើកទី១ ដែលសាធារណរដ្ឋបារាំង រៀបចំនៅក្រៅប្រទេសក្នុងតំបន់។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានថ្លែងថា ក្នុងនាមក្រសួងការពារជាតិ លោកមោទនភាពដោយបានទទួលកិត្តិយសធ្វើជាម្ចាស់ផ្ទះវគ្គហ្វឹកហ្វឺនជំនាញនាយទាហានសេនាធិការអង្គការសហប្រជាជាតិ និយាយភាសាបារាំង សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព ដែលបង្ហាញពីការជឿទុកចិត្តលើសមត្ថភាពពិត និងបទពិសោធន៍លើស័យរក្សាសន្តិភាពរបស់កងកម្លាំងកម្ពុជា ក្នុងរយៈពេលជាង២០ឆ្នាំ ស្របតាមការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជូនកងកម្លាំងមួកខៀវកម្ពុជា ចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។
ត្រង់ចំណុចនេះ រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ការបើកវគ្គហ្វឹកហ្វឺនបានបង្ហាញពីទំនុកចិត្តខ្ពស់របស់រដ្ឋាភិបាលបារាំង និងអង្គការសហប្រជាជាតិ ចំពោះសមត្ថភាពកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គហ្វឹកហ្វឺនបានរួមចំណែកបណ្ដុះបណ្តាលធនធានមនុស្ស ក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ក្នុងស្មារតីបន្តចូលរួមអភិវឌ្ឍន៍កសាងសមត្ថភាពកងកម្លាំងរក្សាសន្តិភាពកម្ពុជា និងកងកម្លាំងរក្សាសន្តិភាពប្រទេសដទៃទៀត ដើម្បីបង្កើនប្រសិទ្ធភាព អនុវត្តភារកិច្ចក្នុងតំបន់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ឱ្យមានចំណេះដឹង ជំនាញ វិជ្ជាជីវៈ ការសម្របខ្លួន និងមានសមត្ថភាពធ្វើការក្នុងបរិយាកាសពហុជាតិ។
នាយឧត្តមសេនីយ៍ ចាយ សាំងយុន ក៏បានអំណរគុណចំពោះរដ្ឋាភិបាលបារាំង ដែលបានជួយគាំទ្របើកវគ្គហ្វឹកហ្វឺនជំនាញរក្សាសន្តិភាពចំនួន៦លើកកន្លងមក នៅប្រទេសបារាំង និងជួយគាំទ្រឱ្យកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំបើកវគ្គហ្វឹកហ្វឺនជំនាញនាយទាហានសេនាធិការអង្គការសហប្រជាជាតិ និយាយភាសាបារាំង ប្រតិបត្តិការរក្សាសន្តិភាព។ ការបើកវគ្គហ្វឹកហ្វឺនជំនាញនាយទាហានសេនាធិការអង្គការ សហប្រជាជាតិនិយាយភាសាបារាំង សំដៅលើកកម្ពស់នាយទាហានជំនាញដែលត្រូវចាត់តាំងដោយប្រទេសជាសមាជិក ដើម្បីទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅតាមតំបន់នានាជុំវិញពិភពលោក ឬនៅទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ។
បើតាមតំណាងអគ្គលេខាធិការនៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី បានលើកឡើងថា ការរៀបចំវគ្គហ្វឹកហ្វឺននៅកម្ពុជា មានអត្ថន័យពិសេសព្រោះកើតឡើងនៅក្នុងបរិបទនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលនឹងត្រូវប្រារព្ធឡើងនៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «ការវិនិយោគឡើងវិញលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូអង្វែង»។ វគ្គហ្វឹកហ្វឺននេះ មានសារៈសំខាន់ និងចាំបាច់ដោយហេតុថាប្រតិបត្តិការរក្សាសន្តិភាពបច្ចុប្បន្នកំពុងប្រឈមមុខនឹងបរិយាកាសដែលកាន់តែស្មុគស្មាញ។
លោកថាជម្លោះកាន់តែអូសបន្លាយ ខណៈក្រុមប្រដាប់អាវុធមានការកើនឡើង ការផ្សព្វផ្សាយព័ត៌មានមិនពិត កំពុងធ្វើឱ្យការជឿទុកចិត្តរបស់ប្រជាជនចុះខ្សោយ។ ថវិកាជំនួយមានកម្រិត ហើយការគាំទ្រផ្នែកនយោបាយដល់ប្រតិបត្តិការរក្សាសន្តិភាព ក៏មានការថយចុះផងដែរ។ ក្នុងបរិបទនេះការត្រៀមរៀបចំកងកម្លាំងប្រកបដោយគុណភាពសម្រាប់បេសកកម្ម គឺជាកត្តាចំបងបំផុត។ នាយទាហានសេនាធិការដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងការត្រៀមរៀបចំកងកម្លាំង និងក្នុងប្រតិបត្តិការជាប្រចាំរបស់បេសកកម្ម។ នាយទាហានសេនាធិការត្រូវយល់ច្បាស់អំពីអាណត្តិរបស់បេសកកម្ម វិភាគស្ថាន ភាពប្រតិបត្តិការ ចូលរួមក្នុងការរៀបចំផែនការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត។





























