FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ហេង សួរ៖ ភាគីកម្មករស្នើប្រាក់ឈ្នួលអប្បបរមា ២២៥,៣ ឬ ២៥០,៦ដុល្លារ ខណៈនិយោជកស្នើរក្សា ២១០ដុល្លាដដែល​ (Video inside)

14-09-2026 20:44

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបញ្ជាក់ថា យន្តការត្រីភាគីសម្រាប់ការកំណត់ប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ បានបន្តកិច្ចប្រជុំរបស់ខ្លួន ដោយភាគីនីមួយៗ បានដាក់ចេញនូវគោលជំហរបឋមរៀងៗខ្លួន។ ក្នុងកិច្ចប្រជុំនេះ ភាគីតំណាងកម្មករនិយោជិតបានស្នើឡើងនូវតួលេខពីរ សម្រាប់ប្រាក់ឈ្នួលអប្បបរមាថ្មី គឺចំនួន ២២៥,៣ ដុល្លារ ឬ ២៥០,៦ដុល្លារ ខណៈនិយោជកស្នើរក្សា ២១០ ដុល្លារដដែល។

ការបញ្ជាក់បែបនេះរបស់ លោករដ្ឋមន្ត្រី ហេង សួរ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ លើកទី២ ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។

លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យន្តការត្រីភាគីរបស់យើងបានទទួលនូវគោលជំហររបស់ភាគីនីមួយៗ ដោយក្នុងនោះភាគីបងប្អូនកម្មករនិយោជិតបានលើកនូវតួលេខ២ ដើម្បីជូនទៅដល់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាពិចារណា។ តួលេខទី ១ គឺស្នើសុំប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ២២៥,៣ដុល្លារ ហើយតួលេខមួយទៀតគឺ ២៥០,៦ដុល្លារ។ រីឯភាគីនិយោជកស្នើសុំរក្សា ប្រាក់ឈ្នួលអប្បបរមាចំនួន ២១០ដុល្លារដដែល ដោយសារថានៅពេលថ្មីៗនេះ ភាគីនិយោជកក៏បានផ្ដល់នូវប្រាក់ឧបត្ថម្ភចំនួន ២,៥ដុល្លារ សម្រាប់ថ្លៃធ្វើដំណើររួចទៅហើយ»។

លោករដ្ឋមន្ត្រីបានបង្ហាញថា លទ្ធផលដែលត្រីភាគីបានឯកភាពគ្នា ដាក់ជាជំហរបឋមរៀងៗខ្លួន ហើយភាគីនីមួយៗនឹងដកឃ្លាទៅពិចារណា ហើយយើងនឹងជួបគ្នាម្ដងទៀតនៅរសៀលថ្ងៃទី១៨ ដើម្បីពិនិត្យនូវវឌ្ឍនភាពនៃគោលជំហររបស់ភាគីនីមួយៗ។ នៅក្នុងដំណើរការព្រឹកមិញនេះ គឺភាគីនីមួយៗក៏បានពន្យល់អំពីហេតុផលនៃការស្នើសុំដំឡើងប្រាក់ឈ្នួល ឬមួយក៏រក្សាប្រាក់ឈ្នួលផងដែរ។ ជារួមដូចសព្វកាលមួយដងហើយ ដូចនៅតាមបណ្ដាប្រទេសផ្សេងៗទៀតដែរ វាគឺជារឿងធម្មតាដែលថាភាគីនីមួយៗ ទោះបីយើងមានរូបមន្តដូចគ្នា យើងមានទិន្នន័យដូចគ្នា ក៏ប៉ុន្តែសំណូមពរហើយនិងការស្នើសុំវាតែងតែលំអៀងគ្នា។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ តាមរយៈយន្តការ គឺយើងរក្សាបាននូវភាពប្រកួតប្រជែង អាចរក្សាបាននូវការព្យាករទុកជាមុនរបស់ភាគីពាក់ព័ន្ធ។ អញ្ចឹងហើយបានជាធ្វើឲ្យការវិនិយោគនៅក្នុងវិស័យនេះគឺអត់ថយទេ គឺកើនឡើងពីព្រោះគេឃើញថានៅកម្ពុជាមានភាពចាស់ទុំនៅក្នុងការចរចាប្រាក់ឈ្នួល៕

សូមស្ដាប់ការលើកឡើងរបស់ លោក ហេង សួរ ដូចតទៅ៖