រដ្ឋបាលក្រុងស្វាយរៀង បញ្ជាក់ថាពុំមានគោលការណ៍ទារភាស៊ី ពីអាជីវករជាអ្នកលក់ដូរ ដូចការផ្សព្វផ្សាយនោះទេ
14-09-2026 20:27
(ស្វាយរៀង)៖ យោងតាមសេចក្តីបំភ្លឺព័ត៌មានរដ្ឋបាលក្រុងស្វាយរៀង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា រដ្ឋបាលក្រុងពុំមានគោលការណ៍ទារភាស៊ី ពីបងប្អូនប្រជាពលរដ្ឋជាអាជីវករលក់ដូរនោះទេ (លក់ដោយមិនមានការបង់ថ្លៃ) ពោលគឺកន្លងមកអាជីវករបានស្ម័គ្រចិត្ត បង់ថវិកា សម្រាប់សេវាអនាម័យបរិស្ថាន(សម្អាត ដឹកជញ្ជូនសំរាមចេញ)។
សេចក្តីបំភ្លឺរបស់រដ្ឋបាលក្រុង បានឱ្យដឹងទៀតថា បន្ទាប់ពីបានឃើញការបង្ហោះក្នុងបណ្តាញសង្គមតីកតុក (Tik tok) គណនីឈ្មោះ សឹង្ហ ជាអាជីវករលក់ដូរតាមបណ្តោយ ផ្លូវមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង(ជាប់របងវិទ្យាល័យស្វាយរៀង ផ្នែកខាងកើត) ស្តីពីករណីបង្ហោះរូបភាព លោក សុន សុភា អនុប្រធានការិយាល័យសាធារណៈការណ៍ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ប្រើពាក្យសម្តីមិនសមរម្យទៅលើរូបគាត់(ម្ចាស់គណនី លោកស្រី ភី សៀកហុង)។
នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលក្រុងស្វាយរៀង បានបើកកិច្ចប្រជុំ ពិនិត្យ ស្តាប់មតិយោបល់ និងធ្វើការសម្របសម្រួលលើករណីខាងលើនេះ។ ជាលទ្ធផលឃើញថា កាលពីវេលាម៉ោងប្រហែល ៨:៤៥នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោក សុន សុភា បានចុះទៅប្រាប់លោកស្រី ភី សៀកហុង ជាអាជីវករលក់ដូរ នៅតាមបណ្តោយមាត់ទន្លេវ៉ៃគោ ជាប់របងវិទ្យាល័យស្វាយរៀងខាងកើត ឱ្យជួយសម្រួលម៉ូតូអ្នកចូលហូប ត្រូវរៀបចំឱ្យមានសណ្តាប់ធ្នាប់កុំឱ្យចតលើផ្លូវ ដោយការប្រើពាក្យសម្ដីរៀងខ្លាំងធ្ងន់ទៅលើរូបគាត់ ទើបផ្ទុះជាទំនាស់ពាក្យសម្តីរវាងបុគ្គលទាំងពីរនាក់នេះ។
លុះដល់វេលាម៉ោងប្រហែលដប់មួយយប់ លោកស្រី ភី សៀកហុង ក៏បានយករូបភាព និងសកម្មភាពទៅបង្ហោះនៅលើបណ្តាញសង្គម tiktok ឈ្មោះ «សឹង្ហ» ដោយបានបញ្ជាក់ពីការប្រើពាក្យសម្តី និងកាយវិការមិនសមរម្យមកលើរូបគាត់។ ករណីនេះ លោកស្រី បានបញ្ជាក់បន្ថែមថា ជាទំនាស់ពាក្យសំដីរវាងរូបគាត់ និង លោក សុន សុភា មិនពាក់ព័ន្ធនឹងរឿងអ្វីផ្សេងក្រៅពីនេះឡើយ។ នេះបើតាមការលើកឡើង របស់ភាគីទាំងពីរ។
ស្របពេលជាមួយគ្នានេះ រដ្ឋបាលក្រុងស្វាយរៀង សូមអំពាវនាវ និងសំណូមពរយ៉ាងទទួចចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេស អាជីវករលក់ដូរគ្រប់ប្រភេទត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ និងជៀសវាងការចតយានជំនិះលើចិញ្ចើមផ្លូវសាធារណៈ ដែលបណ្តាលឱ្យគ្មានសណ្តាប់ធ្នាប់ ធ្វើឱ្យស្ទះចរាចរណ៍ ជាពិសេស បង្ការកុំឱ្យបាត់បង់ ឬគ្រោះថ្នាក់ជាយថាហេតុ។
រដ្ឋបាលក្រុង សូមទទួលយកនូវមតិរិះគន់ក្នុងន័យស្ថាបនា និងធ្វើការស្រាវជ្រាវភស្តុតាងបន្ថែម ដើម្បីពិនិត្យ ណែនាំ ឬឈានទៅដល់ការដាក់វិន័យចំពោះមន្ត្រីរាជការ ដែលប្រព្រឹត្តល្មើសនឹងច្បាប់លក្ខខន្តិកៈ និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋបាលក្រុងស្វាយរៀង សង្ឃឹមនិងជឿជាក់ថា បងប្អូនសាធារណជន និងអ្នកសារព័ត៌មានមេត្តា ជ្រាបជាព័ត៌មាន៕










