FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងអប់រំ ទទួលសៀវភៅរូបភាព​រឿងនិទានកុមារ ពីស្ថាបនិក Etoile Performing Arts សម្រាប់ចែកដល់​សាលារៀន​បឋមសិក្សា​សាធារណៈ

14-09-2026 19:38

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានទទួលជួប​សម្តែងការគួរសម និងទទួល​ការ​ឧបត្ថម្ភសៀវភៅរូបភាពរឿងនិទានកុមារ ចំណងជើងថា «Land of in the Time of Quiet» ចំនួន ២០០ក្បាល ពីសំណាក់​ ​យុវតី Anna Sophie ស្ថាបនិក Etoile Performing Arts ​ដែលបាន​ប្រគល់ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបែងចែកបន្តទៅតាមបណ្ណាល័យសាលាបឋមសិក្សានានាក្នុងរាជធានីភ្នំពេញ និងតាមតំបន់ព្រំដែន។

សៀវភៅរូបភាពរឿងនិទានកុមារនេះ ត្រូវបាន​និពន្ធឡើង ដោ​យ Anna Sophie ដើម្បីគាំទ្រដល់អំណាន​ក្នុង​​មុខវិជ្ជា​ពលរដ្ឋ និងការសិក្សាភាសាអង់គ្លេសសម្រាប់កុមារនៅកម្ពុជា។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះសមិទ្ធផលថ្មីរបស់យុវតី Anna Sophie ដែលបានខិតខំប្រឹងប្រែងរៀបចំ និងនិពន្ធសៀវភៅរូបភាពរឿង​និទានកុមារនេះឡើង ដោយបានបញ្ជ្រាបនូវសារអប់រំល្អៗសម្រាប់​កុមារ​។

ជាមួយគ្នានេះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តឧបត្ថម្ភគាំទ្រដល់វិស័យអប់រំនៅកម្ពុជានាពេលកន្លងមក ដោយ​បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងនាំយកសៀវភៅទាំងនេះទៅតម្កល់ទុកនៅតាមបណ្ណាល័យនៅសាលារៀនតាមតំបន់ព្រំដែន និងសាលារៀនបណ្តោះអាសន្ន​នៅតាមជំរំសុវត្ថិភាពនាពេលខាងមុខផងដែរ​៕