ក្នុងវេទិកាវិនិយោគ កម្ពុជា-ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គូសបញ្ជាក់ពីបច្ច័យវិជ្ជមាននានាដែលធ្វើឱ្យកម្ពុជា ជាគោលដៅវិនិយោគមួយប្រកបដោយសក្តានុពល
14-09-2026 18:58
(ស៊ិនជិន)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានឡើងថ្លែងសុន្ទរកថាគន្លឹះក្នុង វេទិកាវិនិយោគ កម្ពុជា-ចិន ក្រោមមូលបទ «ការទាញយកផលប្រយោជន៍ពីសមត្ថភាពផលិតកម្ម កម្ពុជា-ចិន ដើម្បីទ្រទ្រង់ភាពប្រទាក់ក្រឡានៃឧស្សាហកម្ម និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់» ដោយបានប្រព្រឹត្តទៅក្នុងទីក្រុងស៊ិនជិន ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។ កម្មវិធីនេះគឺជារបៀបវារៈមួយនៃបេសកកម្មគោះទ្វារ ទាក់ទាញនិងជំរុញវិនិយោគនៅលើទឹកដីនៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។
អង្គវេទិកាបានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុកនារសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដោយចាប់ផ្តើជាមួយការឡើងថ្លែងមតិអបអរសាទរពីសំណាក់លោក ទី នីតូរ្យ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងសុន្ទរកថាគន្លឹះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីបច្ច័យវិជ្ជមាននានាដែលធ្វើឱ្យកម្ពុជា ជាគោលដៅវិនិយោគមួយប្រកបដោយសក្តានុពល ក្នុងនោះរួមមានជាអាទិ៍៖
១៖ សុខសន្តិភាព ស្ថិរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច ដែលជាគ្រឹះដ៏រឹងមាំក្នុងការផ្តល់ទំនុកចិត្ត ធានាសុវត្ថិភាពខ្ពស់ និងបង្កលក្ខណៈអំណោយផលដល់ទុនវិនិយោគពីបរទេស ក្នុងរយៈពេលវែង។
២៖ កម្លាំងពលកម្មវ័យក្មេង ដោយមានសន្ទស្សន៍ប្រមាណជាង ៦០% នៃប្រជាជនសរុប មានភាពរហ័សរហួន ងាយស្រួលក្នុងការទទួលយកចំណេះដឹងថ្មីៗ តាមរយៈការបណ្តុះបណ្តាលជំនាញនានា ដើម្បីត្រៀមលក្ខណៈឆ្លើយតបទៅនឹងតម្រូវការនៃឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។
៣៖ បរិស្ថានធុរកិច្ច និងវិនិយោគអំណោយផល ជាមួយច្បាប់ស្តីពីការវិនិយោគដែលផ្តល់ជូននូវការលើកទឹកចិត្តច្រើនប្រភេទ និងមានភាពបត់បែន ព្រមទាំងសាមញ្ញកម្មនីតិវិធីរដ្ឋបាលពាក់ព័ន្ធ តាមរយៈការចាប់យកឌីជីថលូបនីយកម្ម ដើម្បីសម្រួលដល់ការធ្វើធុរកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។
៤៖ ភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធភស្តុភារកម្មជាតិ ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រធំៗ ដូចជា អាកាសយានដ្ឋានអន្តរជាតិថ្មីៗ ផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ និងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ជាដើម។
៥៖ ការទាញយកផលប្រយោជន៍ជាអតិបរិមាពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត បានប្រែក្លាយកម្ពុជា ទៅជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់ ដែលអនុញ្ញាតឱ្យផលិតផលផលិតនៅកម្ពុជាអាចនាំចេញទៅកាន់ទីផ្សារតំបន់ និងសកលលោក ដោយទទួលបានការអនុគ្រោះពន្ធ។
៦៖ ការប្តេជ្ញាចិត្តបោសសម្អាត និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្កើតបរិយាកាសសេដ្ឋកិច្ចឌីជីថលប្រកបដោយសុវត្ថិភាព និងធានាការពារផលប្រយោជន៍ ព្រមទាំងទំនុកចិត្តរបស់វិនិយោគិន និងធុរជនអន្តរជាតិទាំងអស់ដែលមកបណ្តាក់ទុននៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យឯកជនជាដៃគូមិនអាចខ្វះបាន ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះរាជរដ្ឋាភិបាលបានបង្កើតយន្តការសន្ទនាផ្ទាល់ជាមួយវិស័យឯកជនត្រង់ទៅត្រង់មក ដោយតម្លាភាពនិងជាទៀងទាត់ រួមមាន វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF), កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន (P-PSD) រៀងរាល់៦ខែម្តង, ជំនួបទទួលទានអាហារពេលព្រឹកធុរកិច្ច រវាងរដ្ឋនិងវិស័យឯកជន (P-PSBB) រៀងរាល់២ខែម្តង និងគំនិតផ្តួចផ្តើមថ្មីចុងក្រោយបំផុតគឺ កម្មវិធី Open Day with DPM។ យន្តការទាំងនេះ គឺជាស្ពានឆ្លើយតប និងដោះស្រាយរាល់បញ្ហាប្រឈម សំណូមពរ និងកង្វល់របស់វិនិយោគិនបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវបរិយាកាសធ្វើធុរកិច្ចប្រកបដោយការទុកចិត្ត និងភាពស្និទ្ធស្នាលបំផុត។
ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធំៗ និងវិនិយោគិនក្នុងទីក្រុងស៊ិនជិន ក៏ដូចជាខេត្តក្វាងទុង ពិចារណាលើការពង្រីកមូលដ្ឋានផលិតកម្មពាក់ព័ន្ធនឹង ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ គ្រឿងបង្គុំយានយន្តអគ្គិសនី អេឡិចត្រូនិក និងកសិ-ឧស្សាហកម្មមកកាន់កម្ពុជា ដើម្បីបង្កើនភាពជឿជាក់ និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់រួមគ្នារវាងប្រទេសទាំងពីរ៕




















