FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេស៉ីម៉ាក់កម្ពុជា​ ប្រកាសដឹកដៃអ្នកជំនាញអន្តរជាតិ ចុះពិនិត្យដោយផ្ទាល់ទីតាំងគ្រាប់បែកចង្កោម និងសារធាតុគីមី ដែលយោធាថៃ បាញ់លើទីតាំងស៉ីវិលកម្ពុជា (Video inside)

14-09-2026 18:48

(សៀមរាប)៖ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានប្រកាសដឹកដៃអ្នកជំនាញអន្តរជាតិ ឬស្ថាប័នអន្តរជាតិ ចុះពិនិត្យដោយផ្ទាល់ទីតាំងគ្រាប់ចង្កោម និងសារធាតុគីមី ដែលយោធាថៃ បាញ់លើទីតាំងស៉ីវិលកម្ពុជា ចុះពិនិត្យដោយផ្ទាល់ទីតាំងគ្រាប់បែកចង្កោម និងសារធាតុគីមី ដែលយោធាថៃ បាញ់លើទីតាំងស៉ីវិលកម្ពុជា នៅក្នុងអំឡុងសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ទាំងពីរលើកកាលពីឆ្នាំ២០២៥។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ថ្មីៗនេះ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប, អគ្គនាយកស៉ីម៉ាក់កម្ពុជា បានញ្ជាក់យ៉ាងច្បាស់ៗថា៖ «មានអន្តរជាតិសួរថាច្រើនអី ច្រើនយ៉ាងនេះ ម៉េចនឹងជឿ អ៊ឹចឹងយើងមាននីតិវិធីរបស់យើង បើធ្វើប៉ុណ្ណឹងហើយអ្នកឯងមិនជឿឱ្យធ្វើយ៉ាងម៉េច? […] រយៈពេលប៉ុន្មានខែហ្នឹងយើងបានបោសសម្អាតហើយរកឃើញទីតាំងមួយចំនួន យើងបានឃើញមានជាង​ ១៦​​ ០០០ភស្តុតាង បើអ្នកណាថាព័ត៌មានហ្នឹងមិនពិតយើងអាចដឹកដៃគ្នាទៅចង្អុលបាន»

បន្ថែមពីនេះ អគ្គនាយកស៉ីម៉ាក់កម្ពុជា បានបញ្ជាក់ថា យោធាថៃ បានបាញ់មកលើទឹកដីកម្ពុជាជាង ១៦ ០០០ទិសដៅបាញ់។ ជាមួយគ្នានេះថៃ បានបាញ់មកលើប្រាសាទព្រះវិហារ ៥០១ទិសដៅបាញ់ ដែលមានគ្រាប់ប្រមាណ ១​ ៥៩៩គ្រាប់។ ក្នុងសង្រ្គាមឈ្លានពានពីយោធាថៃ មកលើទឹកដីកម្ពុជានេះ គ្រាប់ដែលស៊ីម៉ាក់ បានកំណត់រួចរាល់ ១៦ ០០០រណ្ដៅ ប៉ះពាល់ដល់ផ្ទៃដី ៣ពាន់គីឡូម៉ែត្រក្រឡា។ រយៈពេល៦ខែមកនេះ ស៊ីម៉ាក់ បានប្រឹងប្រែងដោះគ្រាប់បានផ្ទៃដីជាង ១០០គីឡូម៉ែត្រក្រឡា ដែលមានប្រមាណ ១ម៉ឺនគ្រាប់។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានលើកឡើងថា ក្នុង​​អំឡុង​សង្គ្រាម​កាន់កាប់​ទឹកដី​ប្រទេស​កម្ពុជា យោធា​ថៃ​បាន​ប្រើប្រាស់​សារធាតុគីមី និងគ្រាប់បែក​ផូស្វ័រស តាមរយៈកាំភ្លើងធំ​ទំហំ ១៥៥ មីលីម៉ែត្រ និង ១៣០ មីលីម៉ែត្រ ព្រមទាំង​ការប្រើប្រាស់​យន្តហោះ និងដ្រូនសម្រាប់វាយប្រហារ។

លោក ហេង រតនា បានអះអាងយ៉ាងដូច្នេះថា៖ «ការប្រើប្រាស់​អាវុធ និង​សារធាតុ​គីមី​នៅ​លើ​ទីតាំង​ស៊ីវិល គឺជា​ទង្វើ​ដែល​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ ជាពិសេស​អនុសញ្ញាអាវុធគីមីឆ្នាំ១៩៩៣ ដែល​កម្ពុជា និង​ថៃ សុទ្ធតែ​ជារដ្ឋ​សមាជិក​»។ កម្ពុជា​បានរៀបចំ​ដាក់ពាក្យបណ្តឹង​ទៅកាន់អង្គការហាមឃាត់អាវុធគីមី (OPCW) ដែល​មានមូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់។ ការ​ដាក់ពាក្យ​បណ្តឹង​ទៅកាន់ OPCW ជាជំហានមួយ​របស់កម្ពុជា ដើម្បីស្នើឱ្យមានការពិនិត្យ និង​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹងការប្រើប្រាស់​សារធាតុគីមី និង​អាវុធ​ដែល​អាច​បង្កគ្រោះថ្នាក់​ដល់ប្រជាជនស៊ីវិល ក្នុង​អំឡុង​ជម្លោះ​ប្រដាប់អាវុធ។

មន្រ្តី​អគ្គនាយក​ស៊ីម៉ាក់ បានគូស​បញ្ជាក់​ថា ការប្រើប្រាស់សារធាតុពុល បាន​បង្កផលប៉ះពាល់ដល់កងកម្លាំង និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់។ បើយោងតាមតួលេខដែលបានលើកឡើងពីក្រសួងសុខាភិបាល មាន​ប្រជាពលរដ្ឋចំនួន ៣៩៩នាក់ ត្រូវ​បាន​រាយការណ៍​ថា រង​របួស​ដោយសារ​ការប្រើប្រាស់​អាវុធគីមី​ ដែល​បង្ក​ឡើង​ដោយ​ភាគីថៃ។

លោក ហេង រតនា បានឱ្យដឹងថា ក្នុងអំឡុងជម្លោះ យោធាថៃ ​បានប្រើប្រាស់​អាវុធ​ប្រមាណ ៤៣ប្រភេទ។ ក្នុងចំណោមនោះគ្រាប់បែកដែលទម្លាក់ពីយន្តហោះ​ភាគច្រើន​ជាប្រភេទ MK ជាពិសេស MK82 និង MK84 ដែលមានទំហំធំ និងតម្រូវឱ្យមានការជីកកកាយ និងដោះ​ចេញ​ដោយ​ប្រុង​ប្រយ័ត្ន។

បើតាមលោក គង់ ពុទ្ធិការ អគ្គ​នាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​ថ្លែងថា CMAC បាន​ចុះ​ត្រួត​ពិនិត្យ​ប្រាសាទ និង​តំបន់ជុំ​វិញ​ប្រមាណ ៧០ហិកតា ដើម្បី​វាយ​តម្លៃ​សុវត្ថិភាព និង​គាំទ្រ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​អភិ​រក្ស​។ ក្រុម​អភិ​រក្ស​កម្ពុជា​បាន​ចូល​រួមជួយ​នៅ​ទីតាំង​ដែលរង​ការខូចខាត​ចំនួន៣ ខណៈ​ទីតាំង​ចំនួន៩ ត្រូវ​ការ​ថវិកា​សម្រាប់​ការងារ​ជួសជុល និង​អភិ​រក្ស​។

អគ្គ​នាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ បានឱ្យដឹងថា ក្រុម​ការងារ​បាន​ប្រមូល​បំណែកថ្ម​ប្រាសាទ​ដែលរង​ការខូចខាត​ដោយ​ការ​បាញ់​ផ្លោង​ប្រមាណ ៧០០០០ដុំ ដោយ​ការងារ​ប្រមូល និង​ការពារ​បំណែកថ្ម​ទាំង​នេះ​កំពុង​បន្ត​។

លោក គង់ ពុទ្ធិការ បាន​គូសបញ្ជាក់ថា​៖ «យើង​សង្ឃឹមថា ថ្ងៃ​ណាមួយ នៅពេល​លក្ខ​ខណ្ឌ​អំណោយផល យើង​អាច​ប្រើ​ប្រាស់​បំណែកថ្ម​ទាំង​នោះ ដើម្បីសាងសង់ និង​ជួសជុល​ប្រាសាទ​ឡើង​វិញ»។ កម្ពុជា​កំពុង​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ស្កេន LiDAR ដើម្បីចង​ក្រង​ឯកសារ​អំពី​តំបន់​ដែលរង​ការខូចខាត និង​តំបន់​ដែល​មាន​គ្រោះ​ថ្នាក់ ដោយ​បង្កើត​កំណត់​ត្រា​សម្រាប់​គាំទ្រ​ការងារ​អភិ​រក្ស និង​ជួសជុល​។

អគ្គ​នាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ បានអះអាងថា កម្ពុជា​ស្វាគមន៍​រាល់អ្នក​ជំនាញ​អន្តរ​ជាតិ ឱ្យ​ចុះ​ពិនិត្យ​ការខូចខាត​ដោយ​ផ្ទាល់​ នៅលើប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិទូទាំងពិភពលោក៕