ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ (Video inside)
14-09-2026 18:13
(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅកម្ពុជា លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា បានបង្ហាញក្តីសោមនស្សរីករាយ ព្រមទាំងថ្លែងថ្លែងអំណរគុណស្មោះសរចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី រដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះបដិសណ្ឋារកិច្ច និងការគួរសមដ៏កក់ក្តៅ និងរួសរាយរាក់ទាក់។
ក្រៅពីថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាល លោកប្រធានាធិបតីមីយ៉ាន់ម៉ា បានបង្ហាញការជឿជាក់ថា ការពិភាក្សាដ៏ស្និទ្ធស្នាល និងប្រកបដោយផ្លែផ្ការបស់យើង នឹងរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងបើកផ្លូវថ្មីៗសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកលើវិស័យផ្សេងៗរវាងប្រទេស និងប្រជាជនទាំងពីរ។
លោកប្រធានាធិបតី បានគូសរំលេចទៀតថា លទ្ធផលវិជ្ជមាននៃដំណើរទស្សនកិច្ចនេះ ក៏នឹងពង្រឹងចំណងមិត្តភាពយូរអង្វែង និងជំរុញ ចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធផងដែរ។
លោក មីន អោង ឡាំង ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះដំណើរទស្សនកិច្ចនៅប្រាង្គប្រាសាទកម្ពុជា ក្នុងខេត្តសៀមរាប។ លោកបានគូសរំលេចថា ដំណើរទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដែលជាទីក្រុងមេត្រីភាពនឹងទីក្រុងបាហ្កាន នៃប្រទេសមីយ៉ាន់ម៉ា បានអនុញ្ញាតឱ្យលោកឈ្វេងយល់ពីបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា។
ក្នុងលិខិតនេះ ប្រធានាធិបតីមីយ៉ាន់ម៉ា បានបង្ហាញការទន្ទឹងរង់ចាំស្វាគមន៍សម្ដេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅពេលវេលាសមស្របណាមួយ ដើម្បីតបស្នងចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្ដៅដែលបានផ្តល់ជូនរូបលោក។
សូមបញ្ជាក់ថា លោក មីន អោង ឡាំង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់មីយ៉ាន់ម៉ា មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលពីរថ្ងៃកាលពីថ្ងៃទី១១ និង១២ ខែកញ្ញា កន្លងទៅនេះ។ ដំណើរទស្សនកិច្ចនេះ លោកបានជួបប្រជុំកំពូលជាមួយសម្តេចតេជោ ប្រជុំទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ហើយក៏បានជួបសម្តែងការគួរសមជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
ចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី បានអញ្ជើញទស្សនាប្រាង្គប្រាសាទដ៏មហស្ចារ្យរបស់ខ្មែរនៅខេត្តសៀមរាប៕







































