គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យជនបរទេសស្នាក់នៅ៥ទីតាំង រកឃើញ៤០នាក់ មានឯកសារត្រឹមត្រូវ
14-09-2026 18:12
(បន្ទាយមានជ័យ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានចុះអនុវត្តការងាររដ្ឋបាល នៅតាមបណ្តាសង្កាត់ ចំនួន៥ទីតាំង ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដោយមានការសម្របសម្រួលដឹកនាំពីលោក លៀម សុដា អភិបាលរងខេត្ត និងមានការដឹកនាំផ្ទាល់ពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត។
ប្រតិបត្តិការនេះ ក៏មានការចូលរួមសហការ ពីសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត ដោយក្រុមការងារបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤០នាក់ ក្នុងនោះមានស្រី ១៧នាក់។ ជនបរទេសទាំងនោះ រួមមាន ជនជាតិថៃ ២២នាក់ (ស្រី ១០នាក់), ជនជាតិម៉ាឡេស៊ី ១នាក់, ជនជាតិឡាវ ៤នាក់ (ស្រី ៤នាក់), ជនជាតិវៀតណាម ២នាក់ (ស្រី ២នាក់) និងជនជាតិចិន ១១នាក់ (ស្រី ១នាក់)។
តាមការត្រួតពិនិត្យ ជនបរទេសទាំងអស់សុទ្ធតែមានឯកសារស្នាក់នៅត្រឹមត្រូវតាមច្បាប់កំណត់ ហើយទីតាំងដែលបានចុះអនុវត្តការងាររដ្ឋបាលទាំង០៥ទីតាំងនេះ ពុំមានពាក់ព័ន្ធនឹងបទល្មើសស្កេមអនឡាញនោះទេ។
ការចុះអនុវត្តការងាររដ្ឋបាលនេះ ត្រូវបានបែងចែកជាបីសង្កាត់សំខាន់ៗ រួមមាន៖ សង្កាត់ប៉ោយប៉ែត ដឹកនាំដោយលោក បោន សិលា អភិបាលរងក្រុង បានចុះ ០២គោលដៅ រកឃើញជនបរទេស ០៦នាក់។ សង្កាត់អូរជ្រៅ ដឹកនាំដោយលោក ពេស រិយ៉ាស័ក អភិបាលរងក្រុង បានចុះ ០១គោលដៅ រកឃើញជនបរទេស ២២នាក់។ ចំណែកឯសង្កាត់ផ្សារកណ្ដាល ដឹកនាំដោយលោក មាស សំណាង អភិបាលរងក្រុង បានចុះ ០២ទីតាំង រកឃើញជនបរទេស ១២នាក់៕





