ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ បានជួបសំណេះសំណាល និងទទួលយកសំណើររបស់ពលរដ្ឋ
14-09-2026 17:04
(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងក្រុមការងារ បានចុះជួបសំណេះសំណាល និងធ្វើវេទិកាសាធារណៈ រវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងអាជ្ញាធរមូលដ្ឋាន ជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈមទាក់ទងការអភិវឌ្ឍមូលដ្ឋាន ការផ្ដល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
វេទិកានេះ បានធ្វើឡើងនាចុងសប្ដាហ៍កន្លងទៅ មានការចូលរួមពីប្រជាពលរដ្ឋមកពីភូមិទាំង៥ នៃឃុំសំរោង ក្នុងស្រុកស្វាយអន្ទរ ដែលមានសមាសភាពចូលរួមចំនួន ១៨៣នាក់ ធ្វើឡើងនៅបរិវេណវត្តព្រហូត ក្នុងឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ដែលបាននិងកំពុងខិតខំដោះស្រាយបញ្ហាជូនប្រទេសជាតិ ពិសេសដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ។ លើកកម្ពស់សេដ្ឋកិច្ច នយោបាយ ធ្វើឲ្យពលរដ្ឋមានជីវភាពធូរធារ ជាដើម។
នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានបន្តថា ក្រុមការងារបានយល់ដឹងពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ហើយរាល់សំណើរសំណូមពររបស់ពុកម៉ែបងប្អូន, ក្រុមការងារខិតខំយកចិត្តទុកដាក់ ដោះស្រាយជូនតាមសំណើរឲ្យបានលឿនរហ័សអស់ពីសមត្ថភាព៕
















