FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព»៖ អ្នកសារព័ត៌មានត្រូវរត់ឲ្យលឿន ប៉ុន្តែមិនត្រូវរត់ដោយបិទភ្នែក

14-09-2026 16:54

(ភ្នំពេញ)៖ ក្នុងវិស័យសារព័ត៌មាន ការប្រកួតប្រជែង គឺជាផ្នែកមួយនៃការងារ។ អ្នកសារព័ត៌មានពីស្ថាប័នផ្សេងៗ តែងប្រកួតប្រជែងគ្នាដើម្បីផ្សាយព័ត៌មានមុនគេ ទៅដល់កន្លែងកើតហេតុមុនគេ ទទួលបានបទសម្ភាសន៍ ឯកសារ ឬរូបភាពមុនគេ និងសរសេរអត្ថបទបានមុនគេ។ ការទទួលបានព័ត៌មានមុនគេ ឬ «Scoop» ក៏ត្រូវបានចាត់ទុកថាជាកិត្តិយសមួយសម្រាប់អ្នកសារព័ត៌មានផងដែរ។

ប៉ុន្តែ ការប្រកួតប្រជែងដើម្បីទទួលបានព័ត៌មានមុនគេ មិនមានន័យថា អ្នកសារព័ត៌មានអាចមើលរំលងភាពត្រឹមត្រូវបានឡើយ។ ផ្ទុយទៅវិញ ភាពត្រឹមត្រូវត្រូវតែឈរនៅជាមួយភាពលឿនជានិច្ច ព្រោះការផ្សាយព័ត៌មានមិនត្រឹមត្រូវ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាងការផ្សាយយឺតបន្តិច។

នេះជាគោលការណ៍សំខាន់មួយដែលត្រូវបានលើកឡើងនៅក្នុងសៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» (The Essentials of Professional Journalism) ស្នាដៃរបស់អ្នកកាសែតជើងចាស់ លោក សោម សត្តនា ហៅ ម៉ារ យ៉ារិទ្ធិ ដែលមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៤០ឆ្នាំ។

សៀវភៅនេះបានលើកឡើងនូវគោលការណ៍មួយដែលអ្នកសារព័ត៌មានគួរចងចាំថា៖ «Better to be second and right than first and wrong» មានន័យថា គួរតែជាអ្នកទី២ដែលផ្សាយព័ត៌មានត្រឹមត្រូវ ជាជាងជាអ្នកទី១ដែលផ្សាយព័ត៌មានមិនត្រឹមត្រូវ។

ហេតុផលគឺ ព័ត៌មានមិនត្រឹមត្រូវអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ស្ថាប័នសារព័ត៌មាន ប៉ះពាល់ដល់អាជីពរបស់អ្នកសារព័ត៌មាន ហើយក្នុងករណីខ្លះ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវិត និងកិត្តិយសរបស់មនុស្សផងដែរ។

សៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» បានលើកយកឧទាហរណ៍មួយពីការប្រកួតប្រជែងរវាងអ្នកថតរូបរបស់សារព័ត៌មាន AP និង UPI។ នៅពេលសង្ឃ Dalai Lama ចាកចេញពីតំបន់ទីបេ អ្នកថតរូបរបស់សារព័ត៌មានទាំងពីរបានប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដើម្បីថតរូបឱ្យបានមុនគេ និងផ្ញើរូបភាពទៅការិយាល័យឱ្យបានលឿនជាងគូប្រជែង។

UPI ទទួលបានរូបភាព និងផ្ញើទៅការិយាល័យមុន ដូច្នេះបើគិតតាមល្បឿន UPI គឺជាអ្នកឈ្នះ។ ប៉ុន្តែរូបភាពនោះមានបញ្ហា ដោយអ្នកថតរូបបានថតច្រឡំមនុស្ស គឺថតអ្នកបកប្រែជំនួសសង្ឃ Dalai Lama។

ចំណែក AP ទោះបីមកដល់យឺតជាងក៏ដោយ ប៉ុន្តែអាចថតបានរូបភាពត្រឹមត្រូវ។ ដូច្នេះ ក្នុងការប្រកួតប្រជែងនេះ អ្នកដែលមកដល់មុន និងផ្ញើរូបភាពមុន មិនមែនជាអ្នកឈ្នះពិតប្រាកដនោះទេ។ អ្នកដែលឈ្នះពិតប្រាកដ គឺអ្នកដែលអាចផ្តល់ព័ត៌មានបានត្រឹមត្រូវ។

តាមសៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» ព័ត៌មានល្អ គួរតែផ្សំឡើងពី លឿន + ត្រឹមត្រូវ + ពេញលេញ។ ព័ត៌មានត្រូវការភាពរហ័ស ព្រោះព័ត៌មានមានតម្លៃតាមពេលវេលា ប៉ុន្តែភាពលឿនមិនអាចយកមកជំនួសភាពត្រឹមត្រូវ និងភាពពេញលេញបានឡើយ។

ដូច្នេះ គោលការណ៍ «អ្នកសារព័ត៌មានត្រូវរត់ ប៉ុន្តែមិនត្រូវរត់ដោយបិទភ្នែក» មានន័យថា អ្នកសារព័ត៌មានត្រូវហ៊ានប្រកួតប្រជែង ត្រូវចេះរត់តាមព័ត៌មាន និងខិតខំឱ្យបានមុនគេ ប៉ុន្តែមិនត្រូវប្រញាប់រហូតដល់បាត់បង់ការផ្ទៀងផ្ទាត់ការពិតនោះទេ។

ចំណេះដឹង និងបទពិសោធន៍សំខាន់ៗទាំងនេះ ត្រូវបានប្រមូលផ្តុំនៅក្នុងសៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» ដែលមានកម្រាស់៣៩០ទំព័រ និងជាស្នាដៃរបស់លោក សោម សត្តនា ហៅ ម៉ារ យ៉ារិទ្ធិ អ្នកកាសែតជើងចាស់ដែលមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៤០ឆ្នាំ។

សៀវភៅនេះមានតម្លៃ២០ដុល្លារ។ អ្នកដែលមានចំណាប់អារម្មណ៍ អាចជាវសៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» តាមរយៈលេខទូរស័ព្ទ ០១៧ ៨៨៨ ០០២ និង ០៧៨ ៦៦៩ ៨៨៩៕