FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋ២៤៩គ្រួសារ ដែលមកតាំងពីលំនៅលើដីសម្បទានសង្គមកិច្ច ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ទីជម្រកដល់ពួកគាត់

14-09-2026 16:44

(កំពង់ឆ្នាំង)៖ ដីសម្បទានសង្គមកិច្ច គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលបំណងជួយដល់ប្រជាពលរដ្ឋក្រីក្រ ខ្វះខាតទីលំនៅ និងដីកសិកម្មឲ្យមានជីវភាពប្រសើរឡើង។ រាជរដ្ឋាភិបាលមានបំណងប្រែក្លាយតំបន់ជនបទ និងតំបន់ដីសម្បទានសង្គមកិច្ចទាំងនេះឲ្យក្លាយ ជាតំបន់អភិវឌ្ឍន៍ប្រកបដោយសក្តានុពលទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ចវប្បធម៌ សុខមាលភាព បរិស្ថាន មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ឌីជីថល និងអភិបាលកិច្ចល្អ។ គម្រោងទាំងនេះឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សេដ្ឋកិច្ចជនបទ។

ការផ្ដល់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជន, ពលរដ្ឋមានជីវភាពក្រីក្រ, ពលរដ្ឋចំណាកស្រុក និងពលរដ្ឋផ្សេងៗទៀត ដែលមានការខ្វះខាត គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងតែអនុវត្តតាមរយៈយន្តការ និងកម្មវិធីផ្សេងៗរបស់រាជរដ្ឋាភិបាល ដែលមានគោលដៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ឲ្យបានរស់នៅសមរម្យ និងមានជីវភាពប្រសើរឡើង បានជាច្រើនទីតាំង និងជាច្រើនគ្រួសារនាពេលកន្លងមក។

ដោយឡែកនៅក្នុងស្រុករលារប្អៀរ រដ្ឋបាលខេត្ត ក៏បានសហការជាមួយក្រសួងរៀបចំដែនដី និងក្រសួងកសិកម្ម ដែលជាស្ថាប័នអនុវត្ត បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចជូនដល់ពលរដ្ឋមានជីវភាពក្រីក្រ ចំនួន២៤៩គ្រួសារ ស្ថិតក្នុងឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក ហ៊ុយ ឃី មេឃុំប្រស្និប បានឲ្យដឹងថា ដោយមើលឃើញអំពីទុក្ខលំបាក និងការខ្វះខាតដីលំនៅដ្ឋាន និងដីកសិកម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកក៏បានដាក់សំណើរស្នើសុំទៅអភិបាលស្រុករលាប្អៀរ និងអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីស្នើសុំផ្ដល់ដីសហគមន៍ក្នុងមូលដ្ឋាន ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលកំពុងជួបការខ្វះខាតទាំងដីលំនៅឋាន នឹងដីកសិកម្ម មានចំនួនជាច្រើនគ្រួសារ។ សំណើរបស់លោកត្រូវបានថ្នាក់ដឹកនាំឯកភាព សម្រេចផ្ដល់ដីសហគមន៍ដោយផ្ទេរជាដីសម្បទានសង្គមកិច្ចទំហំ៣២០ហិកតា ផ្ដល់ជូនប្រជាពលរដ្ឋចំនួន២៤៩នាក់។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះគម្រោងបែងចែកដីជូនប្រជាពលរដ្ឋ គឺក្នុងមួយគ្រួសារទទួលបានដីលំនៅដ្ឋាន១២អារ ស្មើនិងក្បាល៣០ម៉ែត្រ គុណ៤០ម៉ែត្រ ដីកសិកម្ម១ហិកតា។ ក្នុងនោះគម្រោងក៏បានជួយឧបត្ថម្ភក្នុងមួយគ្រួសារ សម្រាប់សម្ភារៈសង់ផ្ទះដែលមានទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ គឺក្នុងមួយគ្រួសារទទួលបានសសរផ្ទះធ្វើអំពីស៊ីម៉ង់ចំនួន៩ដើម ស័ង្កសីប្រក់ដំបូលផ្ទះ និងដែកគ្រោងផ្ទះ១ឈុត, ចំណែកក្តារក្រាល និងជញ្ជាំងត្រូវរកខ្លួនឯង និងការសាងសង់គឺធ្វើដោយខ្លួនឯងផងដែរ។

ក្រៅពីនោះក្នុងគម្រោងក៏បានជួយឧបត្ថម្ភ រោងសម្រាប់ដាំបន្លែ ដែលសង់អំពីគ្រោងដែក បាំងស្បៃមុង និងហ៊ុំកៅស៊ូតង់ ពីក្រៅមានទំហំ១២ម៉ែត្រ គុណ៨ម៉ែត្រ និងមានបំពាក់ផ្ទាំងសូឡាគ្រប់ខ្នងផ្ទះ ទាំង២៤៩ខ្នងផ្ទះ។ នៅពេលដែលពួកគាត់ចូលមករស់នៅដំបូង ក្នុងកម្មវិធីគម្រោងក៏បានជួយឧបត្ថម្ភស្បៀង អាហារដល់ពួកគាត់រយៈពេល៦ខែ។ ក្រៅពីនេះក្រុមការងារ កំពុងតែដំឡើងស្ថានីយ៍ទឹកស្អាតដើម្បីចែកជូនដល់ពលរដ្ឋប្រើប្រាស់ជាលក្ខណៈស្តង់ដារទៀតផង។

ប្រជាពលរដ្ឋដែលបានមករស់នៅក្នុងលំនៅឋានថ្មី ខាងលើនេះ បានសម្ដែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសពួកគាត់គោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងក្រៃលែងចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ និងផ្ដល់ដីសម្បទានសង្គមកិច្ច ផ្ទះសម្បែង ដីកសិកម្ម និងសម្ភារៈចាំបាច់ផ្សេងៗទៀតជាច្រើន សម្រាប់ពួកគាត់បានរស់នៅសមរម្យ។

បន្ទាប់ពីទទួលបានការរស់នៅប្រកបដោយភាពសុខដុមរមនាហើយនោះ ពួកគាត់នឹងប្ដេជ្ញាប្រឹងប្រែងខិតខំប្រកបមុខរបររកស៊ី និងធ្វើស្រែកចំការសម្រាប់ចិញ្ចឹមជីវិត និងបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ ឱ្យកាន់តែមានជីវភាពប្រសើរឡើងចាប់ពីពេលនេះតទៅ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គម្រោងក្នុងការរៀបចំជូនប្រជាពលរដ្ឋដែលមកតាំងពីលំនៅថ្មីលើដីសម្បទានសង្គមកិច្ច ក្នុងឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ខាងលើនេះ គម្រោងនេះដែរ អនុវត្តដោយក្រសួងរៀបចំដែនដី គឺជាស្ថាប័នដឹកនាំអនុវត្ត និងក្រសួងកសិកម្មជាស្ថាប័នអនុវត្ត ក្រោមហិរញ្ញប្បទានធនាគារពិភពលោក រយៈពេល៦ឆ្នាំ (ឆ្នាំ២០២០- ២០២៦)ចំណែកនៅក្នុងខេត្តកំពង់ឆ្នាំង មានប្រជាកសិករអ្នកទទួលផលសរុប២៤៩គ្រួសារ ដែលត្រូវបានជ្រើសរើសដោយអាជ្ញាធរឃុំ តាមរយៈការចុះសិក្សាប្រវត្តិរបស់សម្បទានិក។

តាំងពីខែមីនា ឆ្នាំ២០២៤ ដែលមុនចូលមកតាំងទីលំនៅទីនេះ ក្នុងគម្រោងរបស់សម្បទាននិក គឺសម្បទានិក មានជីវភាពលំបាកមិនមានដីស្នាក់នៅ និងដីប្រកបមុខរបរកសិកម្មផ្ទាល់ខ្លួន។ ដោយពួកគាត់ដើរស៊ីឈ្នួល, កម្មករសំណង់, ចំណាកស្រុកឆ្ងាយៗ។ ក្នុងគម្រោងនេះ ក៏បានផ្ដល់ជូនពួកគាត់នូវសម្ភារៈកសិកម្ម ពូជដំណាំបន្លែជាច្រើនប្រភេទ និងឈើហូបផ្លែ មានដូង ស្វាយ ទាប ខ្នុរ ក្រូចឆ្មារ និងក៏មានផ្ដល់នូវពូជមាន់ទា។ ក្រៅពីនោះគម្រោងក៏មានផ្ដល់នូវសំណង់ និងទីតាំងផ្នែកវិស័យកសិកម្មជាច្រើនទៀត៕