FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងវប្បធម៌៖ កងទ័ពថៃប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់បែក លើស្ពានទ័ពចំនួន ២ទីតាំង នៅឆ្នាំ២០២៥ (Video inside)

14-09-2026 16:21

(ភ្នំពេញ)៖ កងទ័ពថៃបានប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់បែកប្រភេទ M-K82 មកលើស្ពានទ័ពចំនួន ២ទីតាំង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមការផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈពិនិត្យមើលស្ថានភាពទូទៅនៃស្ពានទ័ព ដែលមានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ស្ពានទ័ព ឬស្ពានអូរជីក ជាស្ពានបុរាណមួយដែលបានសង់ឆ្លងកាត់ស្ទឹងស្រែងនៅលើផ្លូវបុរាណមួយខ្សែចេញពីរាជធានីអង្គរទៅក្រុងវិមាយបុរៈ (ប្រាសាទភិមាយបច្ចុប្បន្ន ស្ថិតនៅក្នុងប្រទេសថៃ)។ ស្ពាននេះអាចចាត់ទុកថាជាស្ពានដ៏សំខាន់មួយ ដែលបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ហើយជាស្ពានវែងជាងគេក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយមានប្រវែងប្រហែល ១៥០ម៉ែទ្រ កម្ពស់ ១០ម៉ែត្រ និងទទឹង ១៦.៤០ម៉ែត្រ និងមានប្រហោងទ្វារស្ពាន (រន្ធតាដេវ) ចំនួន២៨ប្រឡោះ។

ជាអកុសល នាកំឡុងពេលផ្ទុះសង្គ្រាមឈ្លានពានពីប្រទេសថៃនៅតាមបណ្តោយព្រំដែនខ្មែរថៃនាពេលកន្លងមក កងទ័ពថៃបានប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់បែកប្រភេទ M-K82 មកលើស្ពានទ័ពចំនួន ២ទីតាំងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅត្រង់ផ្នែកក្បាលស្ពានខាងជើង និងខាងត្បូង ដែលគ្រាប់បែកនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើរចនាសម្ព័ន្ធតួស្ពាន និងបង្កាន់ដៃចំនួន ៦៨កន្លែង។

សូមរម្លឹកផងដែរថា កន្លងមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានជួសជុលស្ពាននេះចំនួន៨ដំណាក់កាល ពោលគឺចាប់ពីឆ្នាំ២០១៥មក ប៉ុន្តែត្រូវបានអាក់ខានទៅវិញនៅពេលមានសង្គ្រាមបំផ្លាញស្ថានភាពស្ពាននេះកាលពីចុងឆ្នាំ២០២៥កន្លងមក។ បច្ចុប្បន្ន ក្រសួងកំពុងពិនិត្យលទ្ធភាពបន្តការជួសជុលឡើងវិញ ព្រោះស្ថានភាពស្ពានទ្រុឌទ្រោមជាងមុននៅតាមទីតាំងសំខាន់ៗមួយចំនួនដោយសារកត្តាលំហូរទឹកបុកកាត់ និងគ្រាប់បែក M-K82 ៕