FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គម្រោង KOICA ទទួលស្វាគមន៍អ្នកទស្សនាជាង ១ពាន់នាក់ ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៦

14-09-2026 15:54

(ភ្នំពេញ)៖ គម្រោងការកសាងសមត្ថភាព និងការបង្កើតបរិយាកាសគាំទ្រលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ដែលជាគម្រោងហិរញ្ញប្បទានរបស់ KOICA បានទទួលស្វាគមន៍អ្នកចូលទស្សនាប្រមាណ ១.០០០នាក់ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៦។

ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦។

ស្តង់របស់គម្រោងបានណែនាំកម្មវិធីសិក្សាជំនាញ ICT ថ្មីចំនួន ៤ គុណវុឌ្ឍិ រួមមាន កម្មវិធីបរិញ្ញាបត្របច្ចេកទេស ១ គុណវុឌ្ឍិ គឺប្រព័ន្ធឆ្លាតវៃ និងសុវត្ថិភាពសាយប័រ (ISC) និងកម្មវិធីសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ៣ គុណវុឌ្ឍិ គឺបច្ចេកវិទ្យាឌីជីថលអនុវត្ត (ADT) សេវាកម្មកុំព្យូទ័រ (CSS) និងវិស្វកម្មកម្មវិធី (CSE)។

កម្មវិធីសិក្សាទាំងនេះមានគោលបំណងរៀបចំសិស្ស-និស្សិត TVET សម្រាប់ទីផ្សារការងារដែលកំពុងផ្លាស់ប្តូរនៅកម្ពុជា។ អ្នកចូលទស្សនាបានចូលរួមយ៉ាងសកម្មក្នុងការស្វែងយល់ពីវគ្គសិក្សា និងឱកាសការងារដែលគាំទ្រដោយកម្មវិធីទាំងនេះ។

ភាពជោគជ័យនៃស្តង់នេះបានលើសពីគោលដៅដើម ដោយមានអ្នកចូលទស្សនាយ៉ាងច្រើនលើសលប់។ ក្នុងចំណោមអ្នកឆ្លើយតបការស្ទង់មតិចំនួន ៩០៣នាក់ កម្រិតនៃភាពពេញចិត្តជាមធ្យមចំពោះបទពិសោធន៍នៅស្តង់គឺ ៤.៣៣ ក្នុងចំណោម ៥។ ក្រុមការងារគម្រោងក៏បានប្រមូលមតិយោបល់ពីក្រុមហ៊ុនចំនួន ២២ អំពីតម្រូវការជ្រើសរើសបុគ្គលិក និងការចុះហាត់ការផ្នែក ICT ដើម្បីកែលម្អការបណ្តុះបណ្តាល និងសកម្មភាពគាំទ្រការងារ។

គម្រោងនេះដំណើរការចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ដោយសហការជាមួយគ្រឹះស្ថាន TVET ដៃគូចំនួន ១៧ ដើម្បីពង្រឹងគុណភាព និងភាពឆ្លើយតបនៃការបណ្តុះបណ្តាលផ្នែក ICT ព្រមទាំងពង្រឹងទំនាក់ទំនងរវាងគ្រឹះស្ថាន TVET និងនិយោជក។

ការចូលរួមយ៉ាងច្រើនកុះករក្នុងពិព័រណ៍នេះ បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការបណ្តុះបណ្តាល និងការអនុវត្តជាក់ស្តែងផ្នែក ICT ក្នុងចំណោមសិស្ស-និស្សិត អ្នកស្វែងរកការងារធ្វើ និងអាណាព្យាបាល។ គម្រោងនឹងបន្តប្រើប្រាស់មតិយោបល់ដែលទទួលបាន ដើម្បីគាំទ្រដល់ការផ្សព្វផ្សាយវគ្គសិក្សា និងការអនុវត្តកម្មវិធីសិក្សាថ្មីនេះបន្ថែមទៀត៕