សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
14-09-2026 14:13
(ភ្នំពេញ)៖ សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដាក់ចេញនូវអត្ថបទពិសេសមួយអំពី «ឈាមខ្មែរស្រឡាញ់ខ្មែរ» ដែលជាមេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»។ បន្ទាប់ពីលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានទៅកាន់ «ភូមិរង់ចាំ» ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ។
ដោយអត្ថបទរបស់សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន នោះបានបញ្ជាក់ថា ទឹកដីមួយ អធិបតេយ្យភាពមួយ និងប្រជាជាតិមួយ! គ្មានការឈឺចាប់ណាធំធេងជាងការដែលឃើញបងប្អូនរួមឈាម ត្រូវបង្ខំចិត្តចាកចេញពីដីកេរដូនតានោះឡើយ។ ប៉ុន្តែនៅចំពោះមុខទុក្ខលំបាកនេះហើយ ដែលយើងបានឃើញនូវ «ពន្លឺនៃស្មារតីមហាសាមគ្គីជាតិខ្មែរ» ភ្លឺចិញ្ចាចជាងពេលណាៗទាំងអស់។
ដំណើរទស្សនកិច្ចដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. មកកាន់ «ភូមិរង់ចាំ» ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ មិនមែនត្រឹមតែជាការនាំយកអំណោយមកចែកជូននោះទេ តែវាជាការនាំមកនូវ «កម្លាំងចិត្ត ក្តីសង្ឃឹម និងភាពកក់ក្តៅចេញពីបេះដូងពិតៗ»។
ទិដ្ឋភាពដែលធ្វើឱ្យយើងគ្រប់គ្នារំជួលចិត្តស្ទើរស្រក់ទឹកភ្នែក គឺភាពសាមញ្ញដ៏មានឥទ្ធិពល។ ថ្នាក់ដឹកនាំមិនបានអង្គុយត្រឹមតែលើវេទិកានោះឡើយ លោកបានដើរចុះដល់ខ្នងផ្ទះ អង្គុយពិសាបាយ ហូបនំបញ្ចុកជុំគ្នា និងបានសម្រាកស្នាក់នៅផ្ទាល់ក្រោមដំបូលផ្ទះជាមួយបងប្អូនជនភៀសសឹក។ ការរួមរស់ និងគេងនៅលើកន្ទេលជាមួយរាស្ត្រ គឺជាសារបញ្ជាក់យ៉ាងច្បាស់ថា៖ «ទោះក្នុងកាលៈទេសៈណា ខ្មែរមិនដែលទុកឱ្យខ្មែររងទុក្ខវេទនាតែម្នាក់ឯងឡើយ!»។
ក្នុងនាមខ្ញុំជាសមាជិកមួយរូបនៃក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ ខ្ញុំពិតជាមានមោទនភាព និងក្ដុកក្ដួលក្នុងចិត្តជាទីបំផុត ដែលបានរួមដំណើរជាមួយបងប្អូនរួមក្រុម នាំយកស្នាមញញឹម ភាពកក់ក្តៅ និងសកម្មភាពកីឡាជូនដល់ក្មួយៗ។ រាល់ស្នាមញញឹមរបស់កុមារ និងពាក្យអរគុណទាំងទឹកភ្នែករបស់ចាស់ព្រឹទ្ធាចារ្យ បានក្លាយជាកម្លាំងចិត្តឱ្យពួកយើងកាន់តែប្តេជ្ញាលះបង់ដើម្បីជាតិមាតុភូមិ។
ការជួយខ្មែរដែលខ្មែរគ្រប់រូបអាចធ្វើបាន៖ សូមកុំឱ្យ «ភូមិរង់ចាំ» ក្លាយជាការរង់ចាំដ៏ឯកោ អំណោយសម្ភារអាចដោះស្រាយការខ្វះខាតបានមួយគ្រា តែ «វត្តមាន និងកម្លាំងចិត្តផ្ទាល់» គឺជាថ្នាំទិព្វព្យាបាលដំបៅផ្លូវចិត្តបានយូរអង្វែង។ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិ ក្រុមយុវជន សប្បុរសជន និងបងប្អូនក្នុងវិស័យផ្សេងៗ៖
- ប្រសិនបើមានលទ្ធភាព សូមឆ្លៀតពេលចុះទៅដល់ទីនោះ ទៅសួរសុខទុក្ខ ចាប់ដៃលើកទឹកចិត្ត និងអង្គុយស្ដាប់ការរៀបរាប់របស់ពួកគាត់។
- ការទៅដល់ទីនោះ មិនត្រឹមតែជាការជួយពួកគាត់ទេ តែវាជាមេរៀនជីវិតដ៏មានតម្លៃសម្រាប់ខ្លួនយើងផ្ទាល់ និងបង្រៀនឱ្យយើងស្គាល់តម្លៃនៃសន្តិភាព ភាពអំណត់ និងយល់ច្បាស់ពីពាក្យថា «សាមគ្គីភាព»។
- មិនចាំបាច់ទាល់តែមានធនធានច្រើនទើបអាចទៅបាននោះទេ សូម្បីតែសៀវភៅមួយក្បាល បាល់មួយគ្រាប់ ឬការផ្ដល់ស្នាមញញឹម និងពាក្យលើកទឹកចិត្ត ក៏ជាអំណោយដ៏ថ្លៃថ្លាបំផុតសម្រាប់ក្មេងៗ និងចាស់ទុំនៅទីនោះដែរ៕


























