FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងនាំរង្វាន់លើកទឹកចិត្តសម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សិស្សនិទ្ទេស A ចំនួន ៣១នាក់ និងសិស្សជ័យលាភីជាង២០០០នាក់ នៅស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក

14-09-2026 14:07

(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំបានបង្ហាញការកោតសរសើរយ៉ាងខ្លាំង និងផ្តល់រង្វាន់លើកទឹកចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សានុសិស្សដែលប្រឡងជាប់និទ្ទេស A ចំនួន ៣១នាក់ និងសិស្សជ័យលាភីចំនួន ២,៤៨៥នាក់ នៅក្នុងស្រុកអូររាំងឪ ពញាក្រែក និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សម្រាប់ការខិតខំប្រឹងប្រែងសិក្សារៀនសូត្រនិងប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥- ២០២៦ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុក ក៏ដូចជាលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានចូលរួមបង្ហាត់បង្រៀនដល់កូនសិស្សរហូតទទួលបានលទ្ធផលជាប់បប្រសើរ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យយុវសិស្សជ័យលាភី បន្តពង្រឹងសមត្ថភាពលើផ្នែកបច្ចេកវិទ្យា និងភាសាបរទេស ដើម្បីក្លាយជាធនធានមនុស្សដ៏មានឥទ្ធិពល ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា សិស្សជ័យលាភីនៅពេលនេះ ស្វែងរកក្តីស្រមៃខ្លួនឯងឱ្យឃើញ និងបន្តចាប់យកឱកាសសិក្សានៅកម្រិតឧត្តមសិក្សា ឬការបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែង។ លោកបានលើកទឹកចិត្តសិស្សជ័យលាភីទាំងអស់ បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដើម្បីកសាងអនាគតខ្លួនឯងឱ្យកាន់តែភ្លឺស្វាង និងពង្រឹងសមត្ថភាពខ្លួនឯង ចូលរួមចំណែកអភិវឌ្ឍមាតុភូមិ និងក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។

ក្នុងឱកាសនោះបណ្ឌិត អ៊ាង សុផល្លែត បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត ជូនក្មួយៗទាំងអស់ដែលបានទទួលលទ្ធផលល្អប្រសើរសម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា សម្តេច និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស ដែលនាំមកនូវមោទនភាព និងជ័យលាភីគួរជាទីគាប់ចិត្ត មិនត្រឹមតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ឪពុក ម្តាយ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

ក្រៅពីការផ្តល់អនុសាសន៍ និងការលើកទឹកចិត្តជាស្មារតី, លោករដ្ឋមន្រ្តីបាននាំយករង្វាន់លើកទឹកចិត្ត ជាថវិកា និងសម្ភារៈសិក្សាផ្សេងៗដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅប្រគល់ជូនសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំនៅក្នុងមូលដ្ឋានផ្ទាល់ផងដែរ។

សូមបញ្ជាក់ថា សម្រាប់សម័យប្រឡងបាក់ឌុបថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានបេក្ខជនប្រឡងជាប់សរុប ៨៤,៦% និងមានសិស្សទទួលបាននិទ្ទេស A រហូតដល់ ២,០២២ នាក់នៅទូទាំងប្រទេស។ ខេត្តត្បូងឃ្មុំ មានសិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦។ ខេត្តត្បូងឃ្មុំមានបេក្ខជនប្រឡងប្រកួតប្រជែង យកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ ទាំងថ្នាក់វិទ្យាសាស្រ្ត និងវិទ្យាសាស្ត្រសង្គម ក្នុងខេត្តត្បូងឃ្មុំ សរុប ៦, ១៩២នាក់ ស្រី ៣,៦២៣នាក់។

ផ្អែកតាមទិន្នន័យផ្លូវការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី១០ សីហា ២០២៦ សម្រាប់ខេត្តត្បូងឃ្មុំ ទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ដោយមានបេក្ខជនប្រឡងជាប់ចំនួន ៥.២៥៨នាក់ ដែលស្មើនឹង ៨៥.៥១ភាគរយ នៃបេក្ខជនប្រឡងទាំងអស់ក្នុងនោះសិស្សទទួលបាន និទ្ទេស A ចំនួន ៦៣នាក់៕