ប្រកាសបញ្ចូលសមាជិក ចំនួន៧៤៨រូប ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ
14-09-2026 13:52
(បន្ទាយមានជ័យ)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិក ចំនួន៧៤៨រូប ជាសមាជិក គណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ក្រោមអធិបតីភាព លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត។
ពិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងប៉ោយប៉ែត, គណៈកម្មាធិការគណបក្សសង្កាត់, ព្រមទាំងសមាជិក សមាជិកានៃអង្គពិធីសរុបប្រមាណ ៧៤៨រូប។
នាឱកាសនោះដែរ លោក គាត ហ៊ុល ប្រធានគណៈកម្មាធិការគណបក្សក្រុងប៉ោយប៉ែត បានធ្វើរបាយការណ៍ស្វាគមន៍ ដោយបានរំលេចនូវស្ថានភាព គណបក្សប្រជាជនកម្ពុជា នៅក្នុងក្រុងប៉ោយប៉ែត។ ជាមួយគ្នានោះ លោក ញ៉ែម ផឿង អនុប្រធានគណៈកម្មាធិការគណបក្សក្រុងប៉ោយប៉ែត បានអានសេចក្ដីសម្រេចបញ្ចូលសមាជិកគណបក្ស ដែលមានចំនួនសរុប ៧៤៨រូប របស់គណៈកម្មាធិការគណបក្សសង្កាត់ទាំង៥ និងសមាជិកភាពដែលជាអតីតនិវត្តជន យុទ្ធជន។
បន្ទាប់ពីការអាននូវសេចក្ដីសម្រេចរួចមក តំណាងសមាជិកថ្មី ដែលត្រូវបានទទួលស្គាល់ បានឡើងធ្វើការប្ដេជ្ញាចិត្ត ក្នុងការដើរតាមគោលនយោបាយ គោរពលក្ខន្តិកៈ និងបទបញ្ញាផ្ទៃក្នុងរបស់គណបក្ស។ បន្ទាប់ពីការអានសេចក្ដីសម្រេច និងការប្ដេជ្ញាចិត្តរួចមក លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានអញ្ជើញប្រគល់សេចក្ដីសម្រេចបញ្ចូលសមាជិក ជូនតំណាងសមាជិកថ្មី ចំនួន១២រូប ជានិមិត្តរូប។
លោកបណ្ឌិតប្រធាន ក៏បានពាំនាំបណ្ដាំសាកសួរសុខទុក្ខ និងយកចិត្តទុក្ខដាក់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រីបណ្ឌិត ជូនដល់សមាជិក សមាជិកា ព្រមទាំងអតីតនិវត្តជន យុទ្ធជន ដែលប្រកាសបញ្ជូលជាសមាជិកគណបក្ស នាពេលនេះ។
លោកបណ្ឌិតប្រធាន ក៏បានបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុក ឃុំ និងគណៈកម្មាធិការគណបក្សស្រុក ឃុំ ដែលបានបំពេញ តួនាទី និងភារកិច្ចយ៉ាងល្អ នាពេលកន្លងមក រហូតសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន ជាពិសេសការខិតខំបង្កើនសមាជិករបស់គណបក្សជាបន្ដបន្ទាប់ ដែលជាកម្លាំងគាំទ្រដ៏រឹងមាំ ដើម្បីរក្សាប្រៀបឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ នាពេលខាងមុខ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិតប្រធាន ក៏បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានសមាជិកថ្មីទាំង៧៤៨រូប ចំពោះការសម្រេចចិត្តក៏ត្រឹមត្រូវ ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ បានជួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈទាំងអស់។
លោកបានបញ្ជាក់ជូនសមាជិក សមាជិកាដែលទើបបញ្ចូលថ្មីទាំងអស់ ត្រូវខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស, ត្រូវកសាងទំនាក់ទំនងល្អ ជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយ អំពីកម្មវិធីនយោបាយរបស់គណបក្ស ច្បាប់របស់រដ្ឋជូនដល់ប្រជាជន, ត្រូវថែរក្សាធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់ របស់គណបក្ស និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។
បន្ថែមពីនេះ លោកបណ្ឌិតប្រធាន បានសង្កត់ធ្ងន់ថា សមាជិក សមាជិកាបក្សទាំងអស់ ត្រូវបន្តគាំទ្រ និងលើកកម្ពស់គុណតម្លៃសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ ដឹងគុណស្ថាបនិក មគ្គុទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុង និងត្រូវថែរក្សា «សន្តិភាព» ឱ្យបានគង់វង្សជាដាច់ខាត ទោះបីលះបង់ក្នុងតម្លៃណាក៏ដោយ និងបន្តគាំទ្រគោលជំហរ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ប្រកបដោយយុទ្ធសាស្ត្រ លើបញ្ហាព្រំដែន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាថ្មីម្ដងទៀត លោកបណ្ឌិតប្រធាន បានផ្ដាំផ្ញើដល់អង្គពិធីទាំងអស់ ត្រូវបន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សឱ្យបានរឹងមាំ ដោយផ្អែកលើបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈបក្ស និងគោរពតាមគោលការណ៍បក្ស មតិភាគតិចគោរពមតិភាគច្រើន និងសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ៕
























