FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ដៃគូសហការនៅតែមានសារៈសំខាន់ក្នុងការជួយដល់ការងារផ្សព្វផ្សាយអប់រំ ពីបញ្ហាគ្រឿងញៀនដល់សាធារណៈជន

14-09-2026 13:13

(ភ្នំពេញ)៖ ទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ, លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំប្រសាសន៍កោតសរសើរ ថ្លែងអំណរគុណពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនចំពោះដៃគូ MOU ទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តបាននូវខ្លឹមសារអនុស្សរណៈដែលបានចុះជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទៅតាមវិស័យរៀងខ្លួន។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបន្តថា ដៃគូសហការ (MOU) នៅតែមានសារៈសំខាន់ចាំបាច់ក្នុងការជួយដល់ការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដល់សាធារណៈជនទូទៅ ក៏ដូចជាទស្សនិកជន អ្នកគាំទ្រទាំងវិស័យសិល្បៈ កីឡា និងសោតទស្សន៍ និងបានសំណូមពរឲ្យដៃគូទាំងអស់ពិនិត្យនូវលទ្ធភាពដើម្បីបន្តការងារជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្តទៀត។

សូមបញ្ជាក់ថា កន្លងមកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះអនុស្សរណៈជាមួយនឹងសមាគមសិល្បករខ្មែរ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្រុមហ៊ុនហ្កាឡាក់ស៊ី ក្រុមហ៊ុនហង្សមាស និងក្រុមហ៊ុនប៊ីខេអិល ដើម្បីផ្សព្វផ្សាយអប់រំ ពីបញ្ហាគ្រឿងញៀនដល់សាធារណៈជនផងដែរ៕