វេទិកាសម្ព័ន្ធសង្គមស៊ីវិលជំរុញឱ្យអង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសង្គមស៊ីវិលឌីជីថល និងទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសហគមន៍ក្នុងយុគសម័យឌីជីថល
14-09-2026 12:46
(កំពង់ធំ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្រ្តី បានសហការជាមួយរដ្ឋបាលខេត្តកំពង់ធំ រៀបចំវេទិកាសន្ទនាក្រោមប្រធានបទស្ដីពី «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅក្រុងស្ទឹងសែន ក្រោមអធិបតីភាពលោក ប៉ៃ សំបូរ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន វ.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់លោក កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក អ៊ុង វុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីអង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំ និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់។
ថ្លែងក្នុងពិធីបើកអង្គវេទិកាសន្ទនានាព្រឹកនេះ លោក ប៉ៃ សំបូរ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងអង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំ ដែលបានរួមគ្នាជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅថ្នាក់មូលដ្ឋានឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ លោកបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះអង្គការសង្គមស៊ីវិលដែលជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិនានា ព្រមទាំងបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំ បន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសង្គមស៊ីវិលឌីជីថល និងទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសហគមន៍ក្នុងយុគសម័យឌីជីថល។ ឆ្លៀតក្នុងឱកាសនេះ លោកបានលើកទឹកចិត្តដល់អង្គការសង្គមស៊ីវិលជំរុញឱ្យយុវជនតាមសហគមន៍ចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងជំនាញវិជ្ជាជីវៈចាំបាច់នានានៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ដើម្បីទទួលបានឱកាសការងារនៅតាមក្រុមហ៊ុន-សហគ្រាសក្នុងមូលដ្ឋាន ដែលអាចជួយលើកកម្ពស់ជីវភាពរស់នៅកាន់តែល្អប្រសើរថែមទៀត។ លោកក៏បានបញ្ជាក់បន្ថែមជូនអង្គប្រជុំថា វ.ស.ស. នឹងបន្តថែរក្សាវប្បធម៌សន្ទនាជាមួយអង្គការសង្គមស៊ីវិលនិងចូលរួមលើកកម្ពស់សុខដុមនីយកម្មសង្គមស៊ីវិលនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងថាមវន្ដរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ លោក អ៊ុង វុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ បានវាយតម្លៃខ្ពស់ចំពោះវេទិកាសន្ទនានាព្រឹកនេះ ដែលជាថ្នាលមួយដ៏សំខាន់សម្រាប់គ្រប់ភាគីពាក់ព័ន្ធជួបប្រាស័យទាក់ទងគ្នានិងផ្លាស់ប្តូរទស្សនៈយោបល់ទៅវិញទៅមកលើកិច្ចការសំខាន់ៗ សំដៅជំរុញនិងលើកកម្ពស់លម្ហសិទ្ធិសេរីភាពនៃអង្គការសង្គមស៊ីវិលដែលមានក្នុងមូលដ្ឋានខេត្តកំពង់ធំ ជាពិសេសលើកកម្ពស់នីតិរដ្ឋនិងប្រជាធិបតេយ្យនៅកម្ពុជា។ លោកក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលទាំងអស់បន្តពង្រឹងភាពជាដៃគូល្អជាមួយរាជរដ្ឋាភិបាល និងបន្តចូលរួមកាន់តែសកម្មថែមទៀត ក្នុងការអភិវឌ្ឍវិស័យសង្គមកិច្ច ការអភិវឌ្ឍមូលដ្ឋាន និងការលើកកម្ពស់ជីវភាពនិងសុខុមាលភាពប្រជាពលរដ្ឋ។
ក្នុងអង្គវេទិកានេះ ក៏មានការធ្វើបទបង្ហាញស្តីពី «ការយល់ដឹងអំពីអក្ខរកម្មឌីជីថលនិងសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់អង្គការសង្គមស៊ីវិល» ដោយលោក ឡេង ប៊ុន្នី វាគ្មិនមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលជាការចូលរួមចំណែករបស់ វ.ស.ស. ក្នុងការចូលរួមផ្សព្វផ្សាយនិងលើកកម្ពស់បរិវត្តកម្មឌីជីថលនិងការយល់ដឹងអំពីគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។
ក្នុងឱកាសនេះដែរ តំណាងអង្គការសង្គមស៊ីវិលដែលបានចូលរួមក្នុងអង្គវេទិកាសន្ទនានេះ ក៏បានចូលរួមលើកយកនូវបញ្ហាប្រឈមនិងសំណូមពរនានា មកជជែកពិភាក្សាដោយត្រង់ទៅត្រង់មក ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្រប និងពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែល្អប្រសើរថែមទៀត៕





























