យោធាថៃ បាញ់ស្រោចគ្រាប់បែកចង្កោមចន្លោះ៦ ទៅ៧ លានគ្រាប់ លើទីតាំងស៊ីវិលកម្ពុជា ក្នុងចេតនាបង្កើតបញ្ហាសង្គមរយៈពេលវែង និងជាទំហំដ៏ធំធេងមួយក្នុងប្រវត្តិសាស្ត្រពិភពលោក (Video inside)
14-09-2026 12:44
(សៀមរាប)៖ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោមចន្លោះពី៦ ទៅ ៧លានគ្រាប់ បាញ់ស្រោចលើទីតាំងស៊ីវិលកម្ពុជា ក្នុងចេតនាបង្កើតឱ្យមានបញ្ហាសង្គមរយៈពេលវែង គឺជាការគិតគូរខាងយុទ្ធសាស្ត្រយ៉ាងល្អិតល្អន់របស់នាយទាហានសៀម ក្នុងការបង្កវិបត្តិមនុស្សធម៌ និងគំរាមកំហែងសេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរចំពោះកម្ពុជា។ ទង្វើនេះជាការរំលោភបំពានលើអនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ថ្មីៗនេះ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប, អគ្គនាយកស៉ីម៉ាក់កម្ពុជា បានសង្កត់ធ្ងន់ថា ការប្រើប្រាស់គ្រាប់បែកចង្កោមដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានបាញ់ស្រោចនៅលើផ្ទៃដីប្រមាណជិត ៣០០០គីឡូម៉ែត្រក្រឡា ដែលមិនមែនជារឿងសាមញ្ញនោះទេ និងជាទំហំដ៏ធំធេងមួយក្នុងប្រវត្តិសាស្ត្រពិភពលោក។
លោក ហេង រតនា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលខ្ញុំអាចយល់បាននៅកន្លែងនេះ ដូចជាគ្រាប់បែកចង្កោមដែលយើងមើលឃើញ គឺការបង្កើតឱ្យមានការបញ្ហាសេដ្ឋកិច្ចសង្គមរយៈពេលវែង ព្រោះគ្រាប់បែកចង្កោម ៦ ទៅ៧លានគ្រាប់ មិនមែនជារឿងសាមញ្ញដែលត្រូវយកមកប្រើលើផ្ទៃដីប្រមាណជិត ៣០០០គីឡូម៉ែត្រក្រឡា»។
ត្រង់ចំណុចនេះ ត្រូវបានអគ្គនាយកស៉ីម៉ាក់ សង្កត់ធ្ងន់ថា ប្រសិនបើគ្រាប់បែកចង្កោមនេះនៅរាយរប៉ាតរប៉ាយ គឺមានស្ថានភាពគ្រោះថ្នាក់ជាងគ្រាប់មីនទៅទៀត ព្រោះគ្រាប់បែកចង្កោមបង្កគ្រោះថ្នាក់ជាងគ្រាប់មីន ដោយសារតែគ្រាប់មីនត្រូវបានកប់នៅក្នុងដី ខណៈគ្រាប់បែកចង្កោមអាចទើលនៅលើដើមឈើ និងទីតាំងផ្សេងៗទៀតជាដើម។
លោកបានគូសបញ្ជាក់ថា ចំពោះប្រភេទគ្រាប់បែកចង្កោមតូចៗប្រភេទ M42, M46 និង M85 មួយកូនគ្រាប់នេះគឺមានកូនអំបែងគ្រាប់ចន្លោះ ២៦០ ទៅ៣០០ កូនអំបែងគ្រាប់តូចៗទៀត ប្រសិនបើវាផ្ទុះ។ ដូច្នេះ ករណីកូនគ្រាប់បែកចង្កោមប្រភេទនេះផ្ទុះ វាអាចនឹងបង្កគ្រោះថ្នាក់ដល់ជីវិតប្រជាពលរដ្ឋដែលនៅជិតកូនគ្រាប់បែកចង្កោមទាំងនេះ។ ជាក់ស្តែងកុមារដែលរងគ្រោះដោយសារតែផ្ទុះកូនគ្រាប់បែកចង្កោមនេះ ស្ថានភាពសាកសពរបស់គាត់គឺពិបាកពណ៌នាខ្លាំងណាស់ ដោយឡែកឪពុក ដែលនៅចម្ងាយពីកូនប្រមាណ ៣ ទៅ៤ម៉ែត្រ បានរងរបួសយ៉ាងធ្ងន់ធ្ងរ។
អគ្គនាយកស៉ីម៉ាក់កម្ពុជា បានឱ្យដឹងថា គ្រាប់ផ្លោងធំមួយ ដែលមានផ្ទុកកូនគ្រាប់នៅខាងក្នុង ហើយមានទម្ងន់លើសពី ២០ គីឡូក្រាម ត្រូវបានចាត់ទុកជាប្រភេទគ្រាប់បែកចង្កោម។ ប្រភេទគ្រាប់ ១៥៥ មីលីម៉ែត្រ ដែលយោធាថៃប្រើប្រាស់មានទម្ងន់ប្រហែល ៤៦.៥ គីឡូក្រាម ដែលក្នុងមួយគ្រាប់ធំនេះ អាចផ្ទុកកូនគ្រាប់តូចៗចាប់ពី ៤៩ ទៅ ៥៨គ្រាប់។ ចំពោះមធ្យោបាយវាយប្រហារ គ្រាប់បែកចង្កោមអាចបាញ់ចេញតាមរយៈកាំភ្លើងធំ ឬទម្លាក់ពីលើយន្តហោះចម្បាំង និងយន្តហោះដ្រូន។
លោកថាគ្រាប់បែកនេះ មានប្រព័ន្ធរុញកម្លាំងខ្យល់ពីខាងក្រោយ និងបែកខ្ចាត់ខ្ចាយកូនគ្រាប់ពេលប៉ះខ្យល់ពីមុខ ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ ១.៨ ទៅ ៣ហិកតា ក្នុងមួយគ្រាប់ធំ។ ផ្ទុយពីគ្រាប់កាណុងធម្មតា ដែលបង្កការខូចខាតជាកម្ទេចត្រឹមតែ ១៥ ទៅ ២០ម៉ែត្រប៉ុណ្ណោះ។ ក្នុងជម្លោះរយៈពេល ២៦ថ្ងៃ យោធាថៃបានប្រើប្រាស់បាញ់បន្តគ្នាទាំងយប់ទាំងថ្ងៃ។
គ្រាប់បែកចង្កោមមានប្រព័ន្ធ Self-destruction (កម្ទេចខ្លួនឯង) ឬ Time censor ដែលកំណត់ឱ្យផ្ទុះក្រោយធ្លាក់ដល់ដី៣ ទៅ ៤នាទី។ ការចុះប្រមូល និងពិនិត្យជាក់ស្តែងនៅលើដី អត្រាគ្រាប់មិនទាន់ផ្ទុះនៅលើគោកមានប្រមាណពី ៣០% ទៅ ៤០% ហើយបើកប់ក្នុងដី អាចលើសពី ៥០% ដែលនៅសេសសល់ និងបន្តបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋ។
គួរបញ្ជាក់ថា យោងតាមទិន្នន័យស្រាវជ្រាវរបស់អាជ្ញាធរស៊ីម៉ាក់ គ្រាប់បែកចង្កោមបានធ្លាក់លើភូមិចំនួន ៣៣៥ ក្នុងចំណោម៣៤៩ ភូមិដែលរងផលប៉ះពាល់ ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ២៩៥ ០០០ហិកតា ស្មើនឹង ២ ៩៥០គីឡូម៉ែត្រការ៉េ។ ផ្អែកលើទំហំផ្ទៃដី ការគណនាបង្ហាញថា អាចមានការបាញ់គ្រាប់ធំចន្លោះពី ១២០ ០០០ ទៅ ១៣០ ០០០គ្រាប់ ឬដល់ ១៥០,០០០គ្រាប់។ បើគុណនឹងកូនគ្រាប់ប្រមាណ ៥០គ្រាប់ក្នុងមួយមេគ្រាប់ នោះចំនួនកូនគ្រាប់មានរាប់លានគ្រាប់៕















