ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងអញ្ជើញចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១៣ នៅទីក្រុងប៉េកាំង រយៈពេល៣ថ្ងៃ
14-09-2026 12:30
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់នាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ អញ្ជើញចូលរួម វេទិកាប៉េកាំងសៀងសាន លើកទី១៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនៃការអញ្ជើញចូលរួមវេទិកានេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គទី២ ក្រោមប្រធានបទ «ជម្លោះក្នុងតំបន់៖ ឧបសគ្គ និងមាគ៌ាឆ្ពោះទៅរកដំណោះស្រាយ»។
នៅក្រៅក្របខណ្ឌវេទិកាឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងចូលជួបសម្តែងការគួរសម និងជួបពិភាក្សាទ្វេភាគីជាមួយនាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងបន្តពង្រឹងមិត្តភាពដែកថែប ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី នឹងធ្វើការពិភាក្សាការងារទ្វេភាគីជាមួយសមភាគីមកពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋសិង្ហបុរី ព្រមទាំងតំណាងនៃប្រទេសនានាដែលចូលរួម និងដៃគូសន្ទនា។
កិច្ចប្រជុំទាំងនេះនឹងផ្តល់ឱកាសសម្រាប់ការ ផ្លាស់ប្តូរទស្សនៈលើវិវត្តន៍នៃសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខឱ្យកាន់តែស៊ីជម្រៅ ការបង្កើនការយោគយល់គ្នាទៅវិញទៅមក និងការជំរុញកិច្ចសហប្រតិបត្តិការ ជាក់ស្តែង ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងតំបន់ផ្សេងទៀត៕


