រដ្ឋមន្រ្តី ហួត ហាក់៖ ពិព័រណ៍ទេសចរណ៍កម្ពុជា លើកទី១ បង្ហាញសក្ដានុពល និងអត្តសញ្ញាណទេសចរណ៍កម្ពុជា
14-09-2026 12:13
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញទស្សនាស្តង់ពិព័រណ៍នានា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍កម្ពុជា លើកទី១» ក្រោមប្រធានបទ «ខ្មែររួបរួម ដើម្បីទេសចរណ៍កម្ពុជា» ដែលរៀបចំឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក ហួត ហាក់ បានអញ្ជើញពិនិត្យ និងស្វែងយល់អំពីផលិតផល និងសេវាកម្មទេសចរណ៍ កញ្ចប់ទស្សនកិច្ច ព្រមទាំងផលិតផលផលិតនៅកម្ពុជា ដែលដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍។ លោកក៏បានសំណេះសំណាល និងលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ សហគ្រិនផលិតផលក្នុងស្រុក និងម្ចាស់អាជីវកម្មដែលបានចូលរួមតាំងពិព័រណ៍ផងដែរ។
លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍នេះ ដែលបានចូលរួមផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ និងអត្តសញ្ញាណវប្បធម៌ខ្មែរ ព្រមទាំងគាំទ្រផលិតផល និងអាជីវកម្មក្នុងស្រុក និងបង្កើតឱកាសពង្រីកបណ្ដាញធុរកិច្ច និងភាពជាដៃគូរវាងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍។
សូមបញ្ជាក់ថា «ពិព័រណ៍ទេសចរណ៍កម្ពុជា លើកទី១» រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានស្តង់ចូលរួមសរុបចំនួន៥២ ព្រមទាំងមានការសម្ដែងវប្បធម៌ និងសកម្មភាពកម្សាន្តជាច្រើន សំដៅជំរុញចលនាទេសចរណ៍ក្នុងស្រុក លើកកម្ពស់មោទនភាពជាតិ និងរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព៕










