អាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយពលរដ្ឋជាច្រើនបន្តចូលរួមយ៉ាងសកម្មកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល
14-09-2026 12:12
(ភ្នំពេញ)៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយបងប្អូនប្រជាពលរដ្ឋជាច្រើន នាល្ងាចថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល។
កម្មវិធីហាត់កីឡានេះ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម ដែលបានបង្ហាញពីសារៈសំខាន់នៃការថែទាំសុខភាពតាមរយៈការធ្វើលំហាត់ប្រាណទៀងទាត់។
ការចូលរួមយ៉ាងផុសផុលនេះបានឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែស៊ីជម្រៅរបស់ប្រជាពលរដ្ឋ អំពីអត្ថប្រយោជន៍នៃសុខភាពរាងកាយ។ តាមរយៈការហាត់ប្រាណ អ្នកចូលរួមមិនត្រឹមតែទទួលបានកម្លាំងមាំមួនប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងបង្កើតបរិយាកាសវិជ្ជមាននៅក្នុងសហគមន៍ផងដែរ។
កម្មវិធីនេះមានការហាត់ប្រាណជាច្រើនប្រភេទ រួមមាន Functional Training, Advanced Training និង Hyrox Workout ដែលផ្តោតលើការពង្រឹងកម្លាំងរាងកាយ ភាពរហ័សរហួន និងសមត្ថភាពរាងកាយឱ្យកាន់តែរឹងមាំ។
ជាមួយគ្នានេះ ការរៀបចំកម្មវិធីហាត់កីឡារួមគ្នា ក៏បានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង និងភាពជិតស្និទ្ធរវាងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ ព្រមទាំងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការហាត់ប្រាណ និងការថែរក្សាសុខភាព។
កងរាជអាវុធហត្ថរាជធានីភ្នំពេញនឹងបន្តរៀបចំសកម្មភាពហាត់កីឡានេះជាប្រចាំរៀងរាល់ចុងសប្តាហ៍ ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានទម្លាប់ហាត់ប្រាណ និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ ព្រមទាំងរួមចំណែកកសាងសហគមន៍មួយដែលមានសុខភាពល្អ និងកាយសម្បទារឹងមាំ៕



















