FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់ក្រសួង​ពាណិជ្ជកម្ម៖ ការធ្វើឌីជីថលូបនីយកម្ម មិនគួរបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គមនោះទេ​ តែ​ត្រូវវាស់វែងលើសមត្ថភាពស្វែងរកទីផ្សារថ្មី និងពង្រីកឱកាសអាជីវកម្ម

14-09-2026 12:09

(ភ្នំពេញ)៖ លោកស្រី ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសង្កត់ធ្ងន់ថា ការធ្វើឌីជីថលូបនីយកម្មមិនគួរបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គមនោះទេ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារថ្មី បង្កើនការលក់ លើកកម្ពស់ផលិតភាព និងពង្រីកឱកាសអាជីវកម្ម។

លោកស្រីបានបន្ថែមថា កាលានុវត្តភាពឌីជីថលត្រូវតែគ្របដណ្តប់ និងផ្តល់ផលប្រយោជន៍ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ស្ត្រី យុវជន និងសហគ្រិននៅតាមបណ្តាខេត្ត ដោយមិនកម្រិតត្រឹមតែក្នុងរាជធានី ឬអាជីវកម្មធំៗនោះឡើយ។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបើកកម្មវិធី «TEDxPhnom Penh Salon» ដែលជាព្រឹត្តិការណ៍អមក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ​នៅទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០» ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន វាគ្មិនកិត្តិយស សហគ្រិន និងយុវជនជាច្រើនរូប។

លោក​ស្រី បានថ្លែងបន្តថា សម្រាប់ក្រសួងពាណិជ្ជកម្ម ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលមិនមែនផ្តោតតែលើបច្ចេកវិទ្យាតែមួយមុខនោះទេ ប៉ុន្តែគឺជាការតភ្ជាប់បច្ចេកវិទ្យាទៅនឹងអាជីវកម្ម ទីផ្សារ ទំនុកចិត្ត ជំនាញ និងឱកាសរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ដើម្បីប្រែក្លាយការធ្វើឌីជីថលរូបនីយកម្មឱ្យទៅជាលទ្ធផលពាណិជ្ជកម្មជាក់ស្តែងសម្រាប់សហគ្រាសកម្ពុជា។ លើសពីនេះ ការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗដូចជា AI ត្រូវតែឈរលើមូលដ្ឋានគ្រឹះនៃសន្តិសុខសាយប័រ សុវត្ថិភាពប្រព័ន្ធ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ ដើម្បីធានានូវចីរភាព និងការចូលរួមដោយជឿជាក់។

លោកស្រីបន្ថែមថា កម្មវិធី TEDxPhnom Penh Salon មានគោលបំណងស្វែងយល់ពីកត្តាជំរុញឱ្យកម្ពុជាឈានទៅមុខយ៉ាងឆាប់រហ័សក្នុងសេដ្ឋកិច្ចឌីជីថល ជំរុញឱកាសដល់សហគ្រិន និងយុវជននៅតាមបណ្តាខេត្ត និងតំបន់ជនបទ ពិភាក្សាលើឥទ្ធិពលនៃ AI និងការបង្កើតបរិយាកាសឌីជីថលដែលមានសុវត្ថិភាពខ្ពស់ ព្រមទាំងការតភ្ជាប់សហគ្រិនទៅអតិថិជន ផលិតផលទៅទីផ្សារ និងការតភ្ជាប់កម្ពុជាទៅសេដ្ឋកិច្ចតំបន់ និងពិភពលោក។

ក្រសួងពាណិជ្ជកម្មប្តេជ្ញាចិត្តប្រែក្លាយរាល់កិច្ចសន្ទនា និងគំនិតផ្តួចផ្តើមទាំងនេះ ឱ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង ដើម្បីកសាងប្រព័ន្ធអេកូស៊ីស្ទឹមពាណិជ្ជកម្មឌីជីថលកម្ពុជាប្រកបដោយភាពប្រកួតប្រជែង បរិយាបន្ន និងទំនុកចិត្តខ្ពស់​៕