FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១

14-09-2026 10:33

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានប្រកាសរកឃើញបេក្ខជនចំនួន ៣នាក់ ដែលបានប្រើប្រាស់ឯកសារក្លែងបន្លំ ក្នុងអំឡុងពេលដាក់ពាក្យស្នើសុំប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ការរកឃើញនេះធ្វើឡើងតាមរយៈការសង្កេតការណ៍ និងពិនិត្យផ្ទៀងផ្ទាត់ឯកសារយ៉ាងម៉ត់ចត់ដោយក្រុមការងារ ACU។

បើតាមលោក កែវ ធីវុទ្ធ ឧបការី អ.ប.ព. ដែលទទួលបន្ទុករួមក្នុងការដឹកនាំ ការងារសង្កេតការណ៍ប្រឡងជ្រើសរើសសិស្សមេធាវី ជំនាន់ទី២១នេះ បានបញ្ជាក់ថា ក្រុមការងារ អ.ប.ព. នឹងចូលរួមសង្កេតការណ៍ការប្រឡងជ្រើសរើសនេះ ពីដំណាក់កាលដាក់ពាក្យសុំប្រឡង ដោយផ្តើមពីការពិនិត្យផ្ទៀងផ្ទាត់នូវរាល់ឯកសារភ្ជាប់របស់បេក្ខជន ដែលបានដាក់ពាក្យប្រឡង និងដំណាក់កាលបន្តបន្ទាប់ទៀតរហូតប្រកាសលទ្ធផលស្ថាពរ។

លោក កែវ ធីវុទ្ធ បានបន្ថែមថា គិតពីថ្ងៃផ្តើមលក់ពាក្យប្រឡង នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ មកទល់ថ្ងៃបិទបញ្ចប់ក្នុងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ បេក្ខជនបានមកទិញពាក្យ សរុប ៦៦១ច្បាប់ និងបានដាក់ពាក្យសុំប្រឡងចំនួន ៥៧៤នាក់ (ក្នុងនោះមានស្ត្រី ២២៣នាក់ ត្រូវជា ៣៨.៨៥%)។

ទន្ទឹមគ្នានេះ ដើម្បីសម្រួលដល់បេក្ខជន ដែលខកខានមិនទាន់មកដាក់ពាក្យតាមកាលបរិចេ្ឆទដំបូង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចពន្យារពេលការលក់ និងទទួលពាក្យសុំចុះឈ្មោះប្រឡង ពីថ្ងៃទី៧ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បន្ថែមទៀត។

ដោយឡែកលោកស្រី អ៊ូ ស៊ីថា ឧបការី ដែលដឹកនាំក្រុមការងារ អ.ប.ព. ក្នុងការពិនិត្យផ្ទៀងផ្ទាត់នូវរាល់សំណុំឯកសាររបស់បេក្ខជន បានបញ្ជាក់ថា ការដាក់ពាក្យស្នើសុំសិទ្ធិប្រឡង គ្រប់បេក្ខជនទាំងអស់ចាំបាច់ត្រូវតែគោរពតាមលក្ខខណ្ឌ ដែល គណៈមេធាវី កំណត់ ចំនួន ៥រួមមាន៖

ទី១៖ ត្រូវមានសញ្ជាតិខ្មែរ
ទី២៖ ត្រូវមានបរិញ្ញាបត្រច្បាប់ ឬសញ្ញាបត្រច្បាប់ ដែលបានប្រកាសថាមានតម្លៃសមមូល
ទី៣៖ មិនដែលត្រូវបានផ្តន្ទាទោសជាបទមជ្ឈិមឬឧក្រិដ្ឋ ឬផ្តន្ទាទោសជាបទវិន័យ ឬផ្តន្ទាទោសជាបទរដ្ឋបាល ដូចជា៖ ការលុបឈ្មោះចោល ការបញ្ឈប់ពីមុខងារ ការហូតងារអំពីអំពើផ្ទុយនឹងកិត្តិយស ឬអំពើមិនស្អាតស្អំ
ទី៤៖ មិនត្រូវមានធនក្ស័យផ្ទាល់ខ្លួន ដែលប្រកាសដោយតុលាការ
ទី៥៖ ត្រូវមានសីលធម៌ និងកាយសម្បទាគ្រប់គ្រាន់អាចបំពេញការងារបាន។

លោកស្រី អ៊ូ ស៊ីថា បានបញ្ជាក់ថា ផ្អែកលើលទ្ធផលនៃការផ្ទៀងផ្ទាត់សំណុំឯកសាររបស់បេក្ខជន ក្រុមការងារបានរកឃើញ បេក្ខជនចំនួន ០៣ នាក់ ដែលបានប្រើប្រាស់ឯកសារក្លែង។

ACU នឹងកោះហៅបេក្ខជនទាំង ៣នាក់ មកបំភ្លឺនៅអង្គភាព ដើម្បីបន្តការស្រាវជ្រាវ ផ្ទៀងផ្ទាត់ភស្តុតាង និងអនុវត្ត នីតិវិធីពាក់ព័ន្ធ។ ក្នុងករណីដែលរកឃើញមានធាតុផ្សំនៃបទល្មើសគ្រប់គ្រាន់ អ.ប.ព. នឹងកសាងសំណុំរឿងបញ្ជូន ទៅស្ថាប័នតុលាការ ដើម្បីចាត់ការតាមច្បាប់ជាធរមាន។

អ.ប.ព. សូមអំពាវនាវឱ្យបេក្ខជនទាំងអស់គោរពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងប្រើប្រាស់តែឯកសារពិតប្រាកដ និងព័ត៌មានត្រឹមត្រូវក្នុងការដាក់ពាក្យ។ រាល់អំពើក្លែងបន្លំឯកសារ ឬការប្រើប្រាស់ឯកសារក្លែងនឹងត្រូវចាត់វិធានការតាមច្បាប់ជាធរមាន ដោយមិនមានការលើកលែង៕