មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ CambodiaTrade Product Hackathon នឹងជួយជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារឌីជីថល
14-09-2026 09:55
(ភ្នំពេញ)៖ លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្មវិធី CambodiaTrade Product Hackathon មានបំណងជំរុញការបម្លែងផលិតផលរូបវន្តរបស់កម្ពុជា ទៅជាផលិតផលដែលអាចស្វែងរកបាន បង្ហាញបាន និងលក់បានតាមប្រព័ន្ធឌីជីថល ដោយកម្មវិធីនេះមានលក្ខណៈពិសេសខុសពី Hackathon ទូទៅ ដោយមិនផ្តោតលើការសរសេរកម្មវិធី ឬបង្កើតបច្ចេកវិទ្យាថ្មីនោះទេ ប៉ុន្តែផ្តោតលើបញ្ហាប្រឈមជាក់ស្តែង គឺការបម្លែងផលិតផលខ្មែរដែលមានស្រាប់ ឱ្យក្លាយជាផលិតផលដែលអតិថិជនអាចស្វែងរក យល់ដឹង និងបញ្ជាទិញបាននៅលើទីផ្សារឌីជីថល។
លោក កឹម ស៊ីថន ថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីបើកកម្មវិធីប្រកួតប្រជែងជាក្រុម CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក»នៅទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលរៀបចំឡើងក្នុងក្របខណ្ឌ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣។ ។ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាង លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមនឹងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ដៃគូសហការ គណៈកម្មការ ក្រុមការងារ CambodiaTrade.com (http://cambodiatrade.com/) និងបេក្ខជន-បេក្ខនារីជាច្រើនរូប។
លោករដ្ឋលេខាធិការបានបន្តថា បច្ចុប្បន្ន សហគ្រាសកម្ពុជាជាច្រើនមានផលិតផលដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងអត្តសញ្ញាណជាផលិតផលខ្មែរពិតប្រាកដ។ ទោះជាយ៉ាងណាក៏ដោយ គុណភាពតែមួយមុខមិនទាន់គ្រប់គ្រាន់សម្រាប់ការប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចឌីជីថលនោះទេ។ ផលិតផលទាំងនោះត្រូវការរូបភាពប្រកបដោយគុណភាព ព័ត៌មានច្បាស់លាស់ មាតិកាដែលទាក់ទាញអតិថិជន តម្លៃសមរម្យ ទិន្នន័យដែលអាចស្វែងរកបាន និងប្រព័ន្ធដែលធ្វើឱ្យដំណើរការបញ្ជាទិញមានភាពងាយស្រួល។ ក្នុងន័យនេះ CambodiaTrade.com ដែលជាថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក B2B2C ថ្នាក់ជាតិ មានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការដាក់លក់ផលិតផល និងផ្សារភ្ជាប់ទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។
លោកបានគូសបញ្ជាក់ថា គោលដៅរបស់កម្មវិធី Hackathon នេះ មិនមែនត្រឹមតែបង្កើនចំនួនផលិតផលដែលបានបញ្ចូលទៅក្នុង CambodiaTrade.com ប៉ុណ្ណោះទេ ប៉ុន្តែអ្នកចូលរួមនឹងអាចអនុវត្តទាំងការចុះបញ្ជីផលិតផល និងការស្វែងរកវិធីសាស្ត្រជំរុញការបញ្ជាទិញពីទីផ្សារផងដែរ។ បន្ទាប់ពីបញ្ចប់កម្មវិធីនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹង និងជំនាញជាក់ស្តែង ដើម្បីជួយសហគ្រាសកម្ពុជា ឱ្យមានសមត្ថភាពធ្វើទីផ្សារ និងលក់ផលិតផលតាមប្រព័ន្ធឌីជីថលកាន់តែប្រសើរឡើង។
លោក កឹម ស៊ីថន បានលើកទឹកចិត្តដល់បេក្ខជន-បេក្ខនារីទាំងអស់ ឱ្យចាត់ទុកកម្មវិធីនេះជាឱកាសដ៏ល្អសម្រាប់ការរៀនសូត្រ អនុវត្តជាក់ស្តែង និងប្រកួតប្រជែងប្រកបដោយស្មារតីមិត្តភាព និងការច្នៃប្រឌិត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា៕











