រដ្ឋមន្ត្រី ហេង សួរ៖ ជំនាញត្រឹមត្រូវ និងផលិតភាពការងារ គឺជាគន្លឹះជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព
13-09-2026 22:07
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសង្កត់ធ្ងន់ថា ការមានជំនាញត្រឹមត្រូវ និងឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាស គឺជាកត្តាចាំបាច់ក្នុងការជំរុញផលិតភាពការងារនៅកម្ពុជា។ ការសង្កត់ធ្ងន់បែបនេះរបស់ លោក ហេង សួរ បានធ្វើឡើងក្នុងពិធីបិទពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ជំនាញ និងការងារ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព» ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ក្នុងឱកាសនេះដែរ លោក ហេង សួរ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការមានជំនាញត្រឹមត្រូវ និងឆ្លើយតបនឹងតម្រូវការរបស់សហគ្រាស នឹងជួយជំរុញផលិតភាពការងារ។ ផលិតភាពមិនអាស្រ័យតែលើម៉ាស៊ីនទំនើប ឬបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែត្រូវការជំនាញ ការរៀបចំដំណើរការការងារ យន្តការ ខ្សែសង្វាក់ផលិតកម្ម និងការគ្រប់គ្រងពេលវេលាឱ្យមានប្រសិទ្ធភាពផងដែរ។ ការរក្សាផលិតភាពឱ្យមាននិរន្តរភាព តម្រូវឱ្យកម្មករ និយោជិត និងបុគ្គលិកបន្តរៀនសូត្រ បំពេញបន្ថែមចំណេះដឹង ជំនាញ និងចំណេះធ្វើ ព្រមទាំងស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ ដើម្បីអាចសម្របខ្លួនទៅនឹងការវិវត្តរបស់វិស័យឯកជន និងឧស្សាហកម្ម»។
លោក ហេង សួរ ក៏បានលើកឡើងពីទិសដៅសំខាន់ៗ ក្នុងវិស័យការងារ និងផលិតភាពការងារសម្រាប់ឆ្នាំ២០២៦ ជាពិសេសការផ្តល់សេវាការងារ និងប្រឹក្សាយោបល់ការងារដល់អ្នកស្វែងរកការងារ។ តាមរយៈការរៀបចំ សួនការងារ អ្នកស្វែងរកការងារអាចទទួលបានសេវាជាច្រើននៅកន្លែងតែមួយ ដូចជា ការចុះឈ្មោះរៀបចំ និងបោះពុម្ពប្រវត្តិរូបសង្ខេប (CV) ការទទួលប្រឹក្សាដើម្បីត្រៀមខ្លួនចូលសម្ភាស និងការសម្ភាសដោយផ្ទាល់ជាមួយសហគ្រាស ដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក។
រដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងរយៈពេលមួយថ្ងៃកន្លះដែលផ្ដើមតាំងពីព្រឹកម្សិលមិញមកដល់ពេលនេះ គឺមានអ្នកដែលបានចូលទៅពិព័រណ៍ដើម្បីដាក់ពាក្យរកការងារ គឺមានរហូតដល់ទៅ ១មុឺន៧ពាន់CV ហើយសហគ្រាសដែលត្រូវការបុគ្គលិកត្រូវការរើសរហូតដល់ទៅ ៣៥០០០ នាក់ ប៉ុន្តែជាក់ស្ដែងគឺគាត់ទើបតែសម្ភាសបាន៥ ពាន់ដងតែប៉ុណ្ណោះ។ ក្នុងចំណោម ៥ពាន់ដង ដែលសម្ភាសនេះ គឺគាត់បានផ្ដល់ឱកាសនិងព័ត៌មានភ្លាមៗទៅដល់អ្នកស្វែងរកការងារចំនួន ៣ពាន់នាក់ ដែលបានបញ្ជាក់ថាខ្លួនមានការងារ។
លោក ហេង សួរ បានចាត់ទុកលទ្ធផលនេះថា ជាការបង្ហាញថា ពិព័រណ៍ជាតិការងារបាននាំមកនូវឱកាសការងារជាក់ស្តែងសម្រាប់អ្នកស្វែងរកការងារ ខណៈទីផ្សារការងារនៅកម្ពុជានៅតែមានតម្រូវការកម្លាំងពលកម្មជាច្រើន។ លោកបានលើកឡើងបន្ថែមថា ទោះបីកម្ពុជាក៏ដូចជាពិភពលោក កំពុងប្រឈមនឹងភាព មិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងបញ្ហាភូមិសាស្ត្រនយោបាយក៏ដោយ កម្ពុជានៅតែអាចរក្សាបាននូវឱកាសការងារសម្រាប់ប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលទើបឈានចូលវ័យធ្វើការ។
លោកក៏បានបញ្ជាក់ថា មូលដ្ឋានឧស្សាហកម្មរបស់កម្ពុជា ជាពិសេសវិស័យ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅតែមានភាពរឹងមាំ និងបន្តជាប្រភពបង្កើតការងារដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ។
ជាថ្មីម្ដងទៀត លោក ហេង សួរ បានសង្កត់ធ្ងន់ថា ទិសដៅនៃការអភិវឌ្ឍវិស័យការងារ និងផលិតភាព អាចសង្ខេបជាច្រវាក់ថា «ជំនាញនាំឱ្យមានកំណើនផលិតភាព ផលិតភាពនាំឱ្យមានកំណើនភាពប្រកួតប្រជែង ភាពប្រកួតប្រជែងនាំមកនូវការរីកចម្រើនប្រកបដោយចីរភាព» ដែលចុងក្រោយនឹងបង្កើនឱកាស និងអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកាន់តែច្រើន៕












