បង្ក្រាបគ្រឿងញៀននៅខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនល្មើស៣៤នាក់
13-09-2026 21:59
(ស្ទឹងត្រែង)៖ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីបង្ហាញមុខជនសង្ស័យសរុបចំនួន ៣៤នាក់ (ស្រី ១នាក់) ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ការបង្ហាញមុខនេះធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបានជាបន្តបន្ទាប់នៅតាមគោលដៅចំនួន ៨កន្លែង ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២៦។
លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបក្រុមសង្គមងងឹតទាំងនេះ ធ្វើឡើងតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់បទបញ្ជាផ្ទាល់ពីលោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។
ជាលទ្ធផលនៃប្រតិបត្តិការចំនួន ៦ករណី លើ ៨គោលដៅនោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ៣៤នាក់ ក្នុងនោះមាន ៣នាក់ពាក់ព័ន្ធករណីជួញដូរ (ស្រី ១នាក់) ១នាក់ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន និង ៣០នាក់ទៀតពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចក៏បានដកហូតបាននូវវត្ថុតាងសារធាតុញៀន និងសម្ភារពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ន កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កំពុងបន្តនីតិវិធីស្រាវជ្រាវយ៉ាងសកម្ម ដើម្បីតាមស្វែងរកបក្សពួក និងប្រភពដើមដែលជាប់ពាក់ព័ន្ធ ដើម្បីនាំខ្លួនយកមកអនុវត្តនីតិវិធីច្បាប់ជាធរមាន ដោយមិនលើកលែងឡើយ។
ជាមួយគ្នានេះលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងជ្រាលជ្រៅជូនចំពោះកម្លាំងប្រតិបត្តិការទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ក្រាបមុខសញ្ញាល្មើសបានទាន់ពេលវេលា។
លោកបានគូសបញ្ជាក់ថា ការបង្ក្រាបក្រុមជនល្មើសគ្រឿងញៀនទាំងសំបុកនេះ គឺជាការឆ្លើយតបយ៉ាងពិតប្រាកដទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ក្នុងការទទួលបាននូវសុខសុវត្ថិភាព និងភាពសុខសាន្ត ក្នុងមូលដ្ឋានរស់នៅ៕















