FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនកងអង្គរក្សឈរជើងនៅខេត្តព្រះវិហារ

13-09-2026 20:26

(ព្រះវិហារ)៖​ ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោក អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនដល់កងអង្គរក្សដែលកំពុងឈរជើងបំពេញភារកិច្ចនៅខេត្តព្រះវិហារ។

ពិធីសំណេះសំណាល និងប្រគល់អំណោយនេះ បានរៀបចំធ្វើឡើងនៅទីបញ្ជាការដ្ឋានកងអង្គរក្សប្រចាំទិសព្រះវិហារ ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់ចំពោះកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសនោះ លោក អ៉ិន ចន្ថា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ក៏ដូចជាលោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះកងកម្លាំងកងអង្គរក្សទាំងអស់ដែលកំពុងឈរជើងបំពេញភារកិច្ចនៅទិសប្រាសាទព្រះវិហារ។

លោករដ្ឋលេខាធិការថ្លែងបន្តថា អំណោយដែលនាំយកមកប្រគល់ជូននាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងការដឹងគុណចំពោះកងកម្លាំងដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចដោយស្មោះត្រង់ និងមានការទទួលខុសត្រូវ ដើម្បីរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុខសន្តិភាពជូនប្រទេសជាតិ។

ជាមួយគ្នានេះ លោក អ៉ិន ចន្ថា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងកងអង្គរក្សទាំងអស់ ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវ រក្សាបាននូវសាមគ្គីភាព វិន័យ និងស្មារតីលះបង់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងបុព្វហេតុជាតិ។

លោកបានសម្តែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់ដែលកំពុងឈរជើងបំពេញភារកិច្ចនៅតំបន់ព្រំដែនទិសប្រាសាទព្រះវិហារ ដោយមិនខ្លាចនឿយហត់ និងតែងតែប្រកាន់ខ្ជាប់នូវតួនាទី ភារកិច្ច និងវិន័យរបស់កងកម្លាំងបានយ៉ាងល្អប្រសើរ។

ក្នុងនាមលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបារមីប្រាសាទព្រះវិហារ និងប្រាសាទបុរាណនានា សូមប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កាយពលរឹងមាំ មោះមុត ក្លាហាន និងទទួលបានជ័យជម្នះគ្រប់ភារកិច្ចការពារជាតិមាតុភូមិ។

អំណោយដែលបាននាំយកមកប្រគល់ជូនកងអង្គរក្សនាពេលនេះ រួមមាន៖ អង្ករ ចំនួន ៧តោន, ត្រីងៀត ៤០គីឡូក្រាម, ត្រីខ ៣០កេស, ទឹកដោះគោខាប់ ៣០កេស, ទឹកត្រី ១០០យួរ, ទឹកស៊ីអ៊ីវ ១០០យួរ, ទឹកសុទ្ធ ៨០កេស និងថវិកាចំនួន២០លានរៀល៕