ជនល្មេីស ២នាក់ ដែលបានយករូបថត និងប្រេីឈ្មោះអធិការនគរបាលខណ្ឌចំនួន ៦រូប បង្កេីតគណនី Telegram ទៅឆាតបោកលុយគេ ត្រូវបានកម្លាំងនគរបាលតាមស្រាវជ្រាវជាប់ខ្លួន
13-09-2026 19:34
(ភ្នំពេញ)៖ ដោយទទួលបានបទបញ្ជាដឹកនាំរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ និងលោកឧត្តមសេនីយ៍ទោ កៅ សុវណ្ណារ៉ា ស្នងការរងទទួលជំនួយការដឹកនាំការងារការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីពេលថ្មីៗនេះ សមត្ថកិច្ចជំនាញបានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីប្រើប្រាស់អត្តសញ្ញាណអ្នកដទៃ ដើម្បីឆបោកយកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា។
ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឃាត់ខ្លួនជនសង្ស័យចំនួន ០២រូបមានដូចជា៖ ទី១ ឈ្មោះ វ.ខ.រ ភេទប្រុស ជនជាតិខ្មែរ និង ២. ឈ្មោះ ស.ស.វ ភេទប្រុស ជនជាតិខ្មែរ ។
តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យបានប្រើប្រាស់លេខទូរស័ព្ទបង្កើតគណនីតេឡេក្រាម ក្លែងបន្លំប្រើប្រាស់ឈ្មោះរបស់សមត្ថកិច្ច ដើម្បីឆបោកយកប្រាក់ពីជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ដែរ ជនល្មេីសទាំង ២នាក់ បានយករូបថត និងប្រេីឈ្មោះអធិការនគរបាលខណ្ឌចំនួន ៦រូប បង្កេីតគណនី Telegram ទៅឆាតបោកលុយគេរួមមាន៖ លោក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក, លោក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ, លោក លៀក ចាន់រាបសារ អធិការនគរបាលខណ្ឌជ្រោយចង្វារ, លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ, លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល, លោក ម៉ន វិធី អធិការនគរបាលខណ្ឌពោធិសែនជ័យ និងលោក អ៊ូ ណារិទ្ធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ៕














