លោក នេត្រ ភក្ត្រា៖ ការងារមូលដ្ឋានរបស់មន្ត្រីបក្ស ត្រូវតាមដានឱ្យជាប់ ដោះស្រាយឱ្យចំគោលដៅទទួលខុសត្រូវលើលទ្ធផល និងកសាងជំនឿទុកចិត្ត
13-09-2026 16:11
(ក្រចេះ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានលើកឡើងថា ការងារមូលដ្ឋាន គឺជាការងារជាមួយប្រជាពលរដ្ឋ តាមរយៈការចុះឱ្យដល់របស់មន្ត្រីគណបក្ស គឺត្រូវស្តាប់ឱ្យច្បាស់ ដោះស្រាយឱ្យចំគោលដៅ តាមដានឱ្យជាប់ ដោយការទទួលខុសត្រូវលើលទ្ធផល និងត្រូវកសាងជំនឿទុកចិត្តចំពោះប្រជាពលរដ្ឋ។
ការលើកឡើងរបស់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងឱកាសបានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅឃុំគ្រញូងសែនជ័យ ក្នុងស្រុកស្នួល ខេត្តក្រចេះ ដើម្បីអនុវត្តផែនការឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ នាខែមិថុនា ឆ្នាំ២០២៧។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិជាច្រើននាក់។
លោក នេត្រ ភក្ត្រា បានជំរុញឱ្យមន្ត្រីគណបក្សនៅមូលដ្ឋានរួមគ្នាកម្លាំងគ្នា ដើម្បីផ្តល់នូវការគាំទ្រ និងការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ តាមរយៈការបង្ហាញភាពខ្លាំងរបស់មន្ត្រីគណបក្សក្នុងដឹកនាំមូលដ្ឋាន និងជាអ្នកម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។
លោកបានថ្លែងថា ការសាមគ្គីភាព គឺជាកម្លាំងមហាសាល ក្រុមការងារចុះមូលដ្ឋានត្រូវទទួលខុសត្រូវ មន្ត្រីចាស់ត្រូវផ្ដល់បទពិសោធន៍ មន្ត្រីបន្តវេនត្រូវខិតខំរៀនសូត្រ និងមានភាពច្នៃប្រឌិត។ យើងត្រូវធ្វើការជាធ្លុងមួយដើម្បីបុព្វហេតុគណបក្ស និងសេចក្តីសុខរបស់ប្រជាជន។
នាឱកាសនោះ លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួន ដើម្បីពង្រឹងការងារគណបក្សនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ត្រូវពង្រឹងសមត្ថភាពក្រុមការងារគ្រប់ថ្នាក់ ធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិកឱ្យបានច្បាស់លាស់ និងបែងចែកភារកិច្ច ជូនមន្ត្រីទទួលខុសត្រូវឱ្យចំជំនាញ។
លោកបានបន្តថា ការយកចិត្តទុកដាក់លើការកសាង និងបណ្តុះបណ្តាលសមាជិកគណបក្សជំនាន់ថ្មី ដើម្បីបន្តវេនដឹកនាំការងារប្រកបដោយថាមពល និងរក្សាវិន័យគណបក្សឱ្យបានម៉ឹងម៉ាត់ ប្រកាន់ខ្ជាប់នូវលក្ខន្តិកៈ និងរួមសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្នុងនាមជាមន្ត្រីគណបក្សត្រូវស្គាល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ត្រូវចុះទៅដល់ខ្នងផ្ទះប្រជាជន ដើម្បីដឹងពីបញ្ហាប្រឈមពិតប្រាកដ និងធ្វើការដោះស្រាយបញ្ហាឱ្យទាន់ពេល រាល់កង្វល់ ឬជម្លោះផ្សេងៗនៅមូលដ្ឋាន ត្រូវដោះស្រាយប្រកបដោយតម្លាភាព និងយុត្តិធម៌ ដើម្បីបង្កើនជំនឿចិត្តពីមហាជន និងជំរុញឱ្យអាជ្ញាធរ និងក្រុមការងារបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ លឿន ឆាប់រហ័ស និងមានប្រសិទ្ធភាព ព្រមទាំងលុបបំបាត់បាតុភាពអសកម្មនានា ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្ស។
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា ក៏បានជំរុញដល់មន្ត្រីគណបក្សចុះមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយនូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងគណបក្សជូនដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងពង្រឹងសមាជិកបក្សដែលមានស្រាប់ និងពង្រីកសមាជិកថ្មី ជាពិសេសស្រទាប់យុវជននៅតាមមូលដ្ឋាន។
នៅចំពោះក្បាលម៉ាស៉ីនគណបក្សមូលដ្ឋាន, លោក នេត្រ ភក្ត្រា ណែនាំឱ្យមន្ត្រីគណបក្សមូលដ្ឋាន ត្រូវរម្លឹកដល់សមាជិក សមាជិកាបក្សសូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈការការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅតាមឃុំ-សង្កាត់ទូទាំងប្រទេស នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ។ ចំពោះសមាជិក សមាជិកាដែលគ្រប់អាយុត្រូវជំរុញឱ្យពួកគាត់អញ្ជើញទៅចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឱ្យបានទាន់ពេលវេលា ដើម្បីត្រៀមខ្លួនចូលរួមបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០២៧ ខាងមុខ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា មន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវបន្តធ្វើអំពើល្អ អំពើត្រឹមត្រូវ ចៀសវាងអំពើទាំងឡាយណាដែលប៉ះពាល់ដល់ប្រយោជន៍ប្រជាជន និងត្រូវបន្តខិតខំបម្រើប្រជាជន ជាពិសេសត្រូវពង្រឹងការផ្តល់សេវាសាធារណៈផ្សេងៗឱ្យបានលឿន និងប្រកបដោយគុណភាព ព្រមទាំងត្រូវយកចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា និងខិតខំអនុវត្តការងារមួយចំនួនដែលមានចរិតយុទ្ធសាស្រ្តយូរអង្វែង។
លោក នេត្រ ភក្ត្រា ក៏បានបន្តណែនាំដល់មន្រ្តីគ្រប់លំដាប់ថ្នាក់បន្តអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ការឆបោក សកម្មភាពក្មេងទំនើង បង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិដោយអនុវត្តឱ្យបានម៉ត់ចត់បំផុត៕





















