FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក នេត្រ ភក្ត្រា៖ គោលនយោបាយ CPP ផ្តោតការគាំទ្រពលរដ្ឋលើគ្រប់វិស័យ និងជាក់ស្តែងនិយម ដោយមិនសន្យាខ្យល់

13-09-2026 16:04

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានគូសបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺផ្តោតលើការគាំទ្រប្រជាពលរដ្ឋលើគ្រប់វិស័យ និងជាក់ស្តែងនិយម ដោយមិនសន្យាខ្យល់នោះទេ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសដែលលោក នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចំនួន ៣ឃុំ រួមមាន ឃុំស្រែចារ ឃុំស្នួល និងឃុំ២ធ្នូ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ លោក នេត្រ ភក្ត្រា បានលើកឡើងពីសារៈសំខាន់នៃការចូលរួមអនុវត្តគោលនយោបាយរបស់គណបក្សឱ្យបានជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងបន្តពង្រឹងការងាររបស់គណបក្សឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ជំនួបសំណេះសំណាលនេះ ក៏ជាផ្នែកមួយនៃការអនុវត្តផែនការការងាររបស់គណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០២៧។

លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការងារនៅមូលដ្ឋានត្រូវផ្តោតលើការស្តាប់ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ព្រមទាំងបន្តជំរុញការអនុវត្តគោលនយោបាយដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។

លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងជំនឿទុកចិត្តរវាងគណបក្ស និងប្រជាពលរដ្ឋ។ ដូច្នេះ ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ បន្តតាមដានបញ្ហារបស់ប្រជាពលរដ្ឋរហូតដល់មានលទ្ធផល និងមិនត្រូវទុកឱ្យបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង នៅតែជាបញ្ហាដោយគ្មានការឆ្លើយតប ឬដំណោះស្រាយសមស្របឡើយ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា គោលការណ៍សំខាន់សម្រាប់ការងារនៅមូលដ្ឋាន គឺ «ចុះឱ្យដល់-ស្តាប់ឱ្យច្បាស់-ដោះស្រាយឱ្យចំ-តាមដានឱ្យជាប់-ទទួលខុសត្រូវលើលទ្ធផល-កសាងជំនឿទុកចិត្ត»។ គោលការណ៍នេះ គឺជាមូលដ្ឋានសំខាន់សម្រាប់ក្រុមការងារគណបក្ស ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារចុះមូលដ្ឋាន ឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងឆ្លើយតបបានទាន់ពេលវេលា ទៅនឹងតម្រូវការ និងបញ្ហាប្រឈមជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕