នាយនាវី និងពលនាវិករបស់នាវាកងទ័ពជើងទឹកឥណ្ឌា ចុះទស្សនកិច្ចសិក្សាស្វែងយល់ និងប្រកួតកីឡាបាល់ទះលក្ខណៈមិត្តភាព នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍នៅមូលដ្ឋានសមុទ្ររាម
13-09-2026 15:12
(ព្រះសីហនុ)៖ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល០៤ថ្ងៃ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ នាយនាវី និងពលនាវិក របស់ នាវាកងទ័ពជើងទឹកឥណ្ឌា បានអញ្ជេីញចុះទស្សនកិច្ចសិក្សាស្វែងយល់ និងប្រកួតកីឡាបាល់ទះលក្ខណៈមិត្តភាព នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក។
សូមបញ្ជាក់ដែរថា នាវា INS Kulish ដែលជានាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា បានចូលចតនៅមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាទស្សនកិច្ចលើកដំបូងបង្អស់របស់នាវាកងទ័ពជើងទឹកឥណ្ឌាមកកាន់ទីតាំងមូលដ្ឋានជើងទឹកកម្ពុជាមួយនេះ។ ដំណើរទស្សនកិច្ចជាផ្លូវការនេះ បានគូសបញ្ជាក់ពីដៃគូលើផ្លូវសមុទ្រទ្វេភាគីកាន់តែរីកចម្រើនរវាងឥណ្ឌា និងកម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកិច្ចសហប្រតិបត្តិការជើងទឹកប្រកបដោយវិជ្ជាជីវៈ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងអំឡុង «ឆ្នាំនៃកិច្ចសហប្រតិបត្តិការសមុទ្រអាស៊ាន-ឥណ្ឌា ២០២៦» ដែលជារបៀបវារៈបង្កើតឡើងដោយថ្នាក់ដឹកនាំភាគីទាំងពីរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខសមុទ្រ ជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ (HADR) និងសេដ្ឋកិច្ចពណ៌ខៀវ។ នៅក្នុងបរិបទនេះ ដំណើរទស្សនកិច្ចនាវាបានជួយពង្រឹងបន្ថែមនូវការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការកសាងដៃគូលើផ្លូវសមុទ្រឱ្យកាន់តែរឹងមាំជាមួយបណ្តាប្រទេសសមាជិកអាស៊ាន រាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ។
ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសឥណ្ឌា និងកម្ពុជា បានពង្រីកការរៀបចំកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងលើផ្លូវសមុទ្រជាបន្តបន្ទាប់ ដោយកិច្ចសហប្រតិបត្តិការនេះគ្របដណ្តប់លើការធ្វើលំហាត់សមយុទ្ធរួមគ្នា និងការបណ្តុះបណ្តាល។ ដំណើរទស្សនកិច្ចរបស់នាវា INS Kulish មកកាន់មូលដ្ឋានសមុទ្ររាម គឺជាការបន្តពង្រឹងលើមាគ៌ានេះ និងបានបង្ហាញពីផលប្រយោជន៍របស់ប្រជាជាតិទាំងពីរ ក្នុងការអភិវឌ្ឍដៃគូលើផ្លូវសមុទ្រមួយឱ្យកាន់តែរឹងមាំ និងមានលក្ខណៈស្ថាប័នច្បាស់លាស់។
កងទ័ពជើងទឹកឥណ្ឌា ឈ្មោះ INS KULISH (P63) ដឹកនាំដោយលោកវរនាវីទោ Suraj Kumar Singh មេបញ្ជាការនាវា ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ លក្ខណៈបច្ចេកទេសនាវា INS KULISH (P63) ទម្ងន់ផ្ទុក ១៤៤៩តោន, បណ្ដោយ ៩១,១៦ម៉ែត្រ, ទទឹង ១០,៤៦ម៉ែត្រ, ជម្រៅទឹក ៤,២៧ម៉ែត្រ មេបញ្ជាការនាវា វរនាវីទោ Suraj Kumar Singh៕




























