FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បន្តចុះត្រួតពិនិត្យរដ្ឋបាល តាមទីតាំងផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ ផ្ទះល្វែង បុរី ឃ្លាំង ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតបទល្មើស

13-09-2026 15:08

(ភ្នំពេញ)៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតាមការណែនាំពីលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ នៅថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៦ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បន្តចុះពិនិត្យទីតាំងរស់នៅប្រមូលផ្តុំរបស់ជនបរទេស តាមអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រខណ្ឌដង្កោ ។

ក្នុងប្រតិបត្តិការនេះជាលទ្ធផលបានត្រួតពិនិត្យសណ្ឋាគារ ម៉ៃយ៉ា, ផ្ទះ SH១២ ផ្លូវ Lucky មាន២០បន្ទប់ និងផ្ទះA០៩ ផ្លូវ Lucky ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ សរុបបានរកឃើញជនបរទេសស្នាក់នៅចំនួន៦នាក់ មានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវ ទីតាំងនេះ មិនមានសង្ស័យបទល្មើស (Online Scams)ឡើយ។

ជាមួយគ្នានេះ ក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំងបុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំក្នុងភូមិសាស្រ្តខណ្ឌដង្កោ ត្រូវចូលរួមសហការ និងចូលរួមអនុវត្ត ដូចតទៅ៖ ត្រូវអនុវត្តបទបញ្ជាលេខ០១, ត្រូវអនុវត្តអនុក្រឹត្យលេខ០៣, ត្រូវរាយការណ៍អំពីចំនួនជនបរទេសពិតប្រាកដស្នាក់នៅជាក់ស្ដែងជូនមន្រ្តីនគរបាលប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋានឱ្យបានច្បាស់លាស់, ត្រូវត្រួតពិនិត្យនូវឯកសារ លិខិតឆ្លងដែន ទិដ្ឋាការនៃការស្នាក់នៅរបស់ជនបរទេសអោយបានត្រឹមត្រវ និងត្រូវបានធានាថា ជនបរទេសទាំងនោះ មិនមានលិខិតឆ្លងដែន ទិដ្ឋាការហួសសុពលភាព នៃការស្នាក់នៅឡើយ ។

មិនអនុញ្ញាតឱ្យយកទីតាំងជួលធ្វើជាកន្លែងជួញដូរមនុស្ស ជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនក៏ដូចជាបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសមិនត្រូវប្រព្រឹត្តជាដាច់ខាតនូវអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។ ករណីមានតម្រុយ ឬហេតុការណ៍គួរឱ្យសង្ស័យណាមួយ ត្រូវរាយការជូនមន្រ្តីនគរបាលប៉ុស្តិ៍ ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើ អាជ្ញាធរមានសមត្ថកិច្ចនឹងចុះត្រួតពិនិត្យ ដើម្បីអនុវត្ត និងចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ៕