FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខណ្ឌចំការមន​ ច្រានចោលការផ្សាយលេីបណ្តាញសង្គម ករណីពលរដ្ឋប្តឹងអភិបាលខណ្ឌរឿងឈូសឆាយផ្ទះគាត់នៅតំបន់ស្តុកទឹកបឹងត្របែក​ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ

13-09-2026 14:56

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមន នាថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២៦នេះ បានសេចក្ដីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយរបស់សារព័ត៌មានដើមរាំង-Dermrang Daily បានចុះផ្សាយថា ពលរដ្ឋប្តឹងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន រួមនិងមន្ត្រី ២រូបទៀតពីបទ៖ រំលោភអំណាចឈូសឆាយផ្ទះគាត់ចោល ដោយពុំបានជូនដំណឹងជាមុន។

ទាក់ទឹងនឹងបញ្ហានេះ រដ្ឋបាលខណ្ឌចំការមន សូមធ្វើសេចក្តីបំភ្លឺជូនថា៖

ទី១៖ ដីតំបន់អាងស្តុកទឹកបឹងត្របែក ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមានដីកា លេខ០៣ ដក ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០០៤ ស្តីពីការកំណត់តំបន់អាងស្តុកទឹកបឹងត្របែក ចេញដោយសាលាក្រុងភ្នំពេញ ក្រោយមកមានអនុក្រឹត្យលេខ ២២១ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការកំណត់ផ្ទៃអាងស្តុកទឹកបឹងត្របែក ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិ សាធារណៈរបស់រដ្ឋ ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

ទី២៖ គណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ បានដោះស្រាយសំណងផលប៉ះពាល់ នឹងកំពុងបន្តដោះ ស្រាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់យ៉ាងសស្រាក់សស្រាំបំផុត ហើយសំណងផលប៉ះពាល់ដែលក្រុមការងាររបស់ គណៈកម្មការអន្តរក្រសួងបានផ្តល់ជូននោះ គឺធ្វើទៅតាមប្រភេទផ្ទះ និងទំហំផ្ទៃក្រឡានៃផ្ទះនីមួយៗ សំណងស្ថិតនៅក្នុងកម្រិតមួយ សមរម្យ ដែលមានប្រជាពលរដ្ឋជាច្រើនរយគ្រួសារបានទទួលសំណងផលប៉ះពាល់ និងបានរុះរើផ្ទះសម្បែងចេញពីដីតំបន់អាង ស្តុកទឹកបឹងត្របែក ដែលបច្ចុប្បន្ន អាជ្ញាធរបានស្ថាបនាស្ថានីយ៍ស្ទាក់ចាប់សំរាមដោយស្វ័យប្រវត្តិ និងបានស្ថាបនាផ្លូវថ្មីអម ប្រឡាយបឹងត្របែកបានមួយផ្នែកធំផងដែរ ដើម្បីជួយសម្រួលដល់ការស្តាប្រឡាយ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ ដែលជាប្រយោជន៍សាធារណៈ។

ទី៣៖ ចំពោះសំណង់ដែលឈ្មោះ យី គួយ ភេទស្រី អាយុ៩៤ឆ្នាំ និងឈ្មោះ ស៊ុយ ចាន់ស៊ីធូ ភេទស្រីអាយុ៥៦ឆ្នាំ កំពុង អាស្រ័យផល គឺស្ថិតក្នុងផ្ទៃអាងស្តុកទឹកបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ហើយមានលិខិតចុះ វាស់វែងផ្ទះសម្បែងរងផលប៉ះពាល់ និងសំណង់ផ្សេងៗរងផលប៉ះពាល់ របស់គណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្ត្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

ទន្ទឹមនេះគណៈកម្មការអន្តក្រសួង ក៏ដូចជាអាជ្ញាធរដែនដី បាន ណែនាំដល់ម្ចាស់ផ្ទះ ម្ចាស់សំណង់ផ្សេងៗ ឱ្យទទួលយកសំណងផលប៉ះពាល់ពីគណៈកម្មការអន្តរក្រសួង និងរុះរើផ្ទះសម្បែង ចេញពីតំបន់ផ្ទៃអាងស្តុកទឹកបឹងត្របែក ជាពិសេសហាមមិនឱ្យសង់សំណង់បន្ថែមទៀតជាដាច់ខាត លើដីតំបន់ផ្ទៃអាងស្តុកទឹក បឹងត្របែក។

ទី៤៖ ក្រោយពេលអន្តរក្រសួងវាស់វែង និងការណែនាំរួច ម្ចាស់ផ្ទះខាងលើបានលួចសង់សំណង់បន្ថែម មានរបង និង បន្ទប់ស្នាក់នៅ សង់អំពីបេតុងរឹងមាំបន្ថែម ទើបរដ្ឋបាលខណ្ឌចំការមន ចុះធ្វើការរុះរើសំណង់ថ្មី ដែលបានលួចសង់សំណង់ បន្ថែមនេះ ការចុះអនុវត្តវិធានការរុះរើនិងទប់ស្កាត់ គឺធ្វើឡើងដើម្បីការពារទ្រព្យសម្បត្តិសាធារណៈ និងរក្សាមុខងាររបស់អាង ស្តុកទឹកកុំឱ្យមានការរំលោភបំពានយកធ្វើជាកម្មសិទ្ធិឯកជនបន្ថែមទៀត ដែលបង្កឱ្យប៉ះពាល់ដល់ប្រព័ន្ធលូ និងការរំដោះ ទឹកជំនន់ក្នុងរាជធានីភ្នំពេញ៕