FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ

13-09-2026 14:53

(ព្រះវិហារ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាននៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចំណុះឱ្យយោធភូមិភាគទី៤ ដែលកំពុងឈរជើងការពារទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសខេត្តព្រះវិហារ។

អំណោយដែលប្រគល់ជូននាឱកាសនោះ រួមមាន៖ អង្ករ មីសួរ អំបិល ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកបរិសុទ្ធ ឆៃប៉ូវ ត្រីងៀត ថ្នាំបាញ់មូស ធូបមូស កាហ្វេ និងកៅស៊ូតង់ ព្រមទាំងថវិកាមួយចំនួនទៀត ដែលជាការឆ្លើយតបចំពោះតម្រូវការក្នុងជីវភាពរស់នៅរបស់កងទ័ពនៅសមរភូមិមុខ។

ក្នុងកិច្ចសំណេះសំណាល លោករដ្ឋមន្ត្រី បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ និងបានថ្លែងនូវការកោតសរសើរ ព្រមទាំងសម្តែងនូវកតញ្ញូតាធម៌ដឹងគុណដ៏ជ្រាលជ្រៅ ចំពោះគំរូវីរភាព ទឹកចិត្តស្នេហាជាតិ និងស្មារតីលះបង់របស់កងទ័ពប្រកបដោយឆន្ទៈមោះមុតបំផុត ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ការពារជាតិមាតុភូមិ និងប្រជាជន។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ការចុះសួរសុខទុក្ខកងទ័ពនាពេលនេះគឺមិនត្រឹមតែនាំយកនូវជំនួយឧបត្ថម្ភជូនដល់កងទ័ពជួរមុខប៉ុណ្ណោះទេ តែបានបង្ហាញពីសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងជាសក្ខីភាពបញ្ជាក់ជូនកងទ័ពនៅសមរភូមិមុខថា នៅសមរភូមិក្រោយ មានថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ និងប្រជាជនកម្ពុជា ចាំជួយលើកទឹកចិត្ត និងជួយគាំទ្រគ្រប់បែបយ៉ាងជូនដល់កងកម្លាំងនៅជួរមុខជានិច្ច៕