FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុវជន៖ ពិព័រណ៍ការងារមិនត្រឹមជាកន្លែងផ្តល់ឱកាសសម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងផ្តល់ព័ត៌មានសម្រាប់ត្រៀមទៅអនាគត

13-09-2026 13:33

(ភ្នំពេញ)៖ យុវជនដែលបានចូលរួមពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ បានបង្ហាញទស្សនៈវិជ្ជមានចំពោះព្រឹត្តិការណ៍នេះ ដោយចាត់ទុកថា មិនត្រឹមតែជាកន្លែងផ្តល់ឱកាសការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពព័ត៌មានសំខាន់សម្រាប់សិស្ស និស្សិត និងយុវជនដែលកំពុងត្រៀមខ្លួនចូលទីផ្សារការងារ។

កញ្ញា សំ ពិសី និស្សិតផ្នែកគ្រប់គ្រងនៃសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប បានលើកឡើងថា ពិព័រណ៍ការងារប្រចាំឆ្នាំរបស់ក្រសួង បានផ្តល់ទាំងបរិយាកាសរីករាយ និងឱកាសឱ្យយុវជនបានស្វែងយល់កាន់តែច្បាស់អំពីពិភពការងារ។

កញ្ញា សំ ពិសី បានបញ្ជាក់ថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងមានឱកាសច្រើនសម្រាប់យុវជន និងសិស្សថ្នាក់ទី១២ដែលទើបបញ្ចប់ការសិក្សា និងនិស្សិតដែលកំពុងសិក្សា មានឱកាសស្វែងយល់ពីឱកាសការងារ និងជាកន្លែងដែលផ្តល់ព័ត៌មានយ៉ាងច្រើន»

ជាមួយគ្នានេះ កញ្ញា ស និមល់ និស្សិតឆ្នាំទី១ ផ្នែកច្បាប់ ដែលបានចូលរួមពិព័រណ៍ជាលើកដំបូង ក៏បានបង្ហាញអារម្មណ៍រីករាយ និងមើលឃើញថា ព្រឹត្តិការណ៍នេះសម្បូរទៅដោយឱកាសសម្រាប់សិស្ស និងនិស្សិត។

កញ្ញា ស និមល់ បានបញ្ជាក់ថា៖ «ខ្ញុំទើបឆ្នាំទី១ ប៉ុន្តែមានអារម្មណ៍ថាសប្បាយចិត្ត មិនខ្វះការងារធ្វើឡើយសម្រាប់សិស្ស និស្សិតរបស់យើង»

ទស្សនៈរបស់យុវជនទាំងពីរ បង្ហាញថា ពិព័រណ៍ការងារ មិនត្រឹមតែជាកន្លែងដែលអ្នកស្វែងរកការងារមកជួបនិយោជកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងដែលសិស្ស និងនិស្សិតអាចមកស្វែងយល់ពីទីផ្សារការងារ ស្វែងរកព័ត៌មានអាជីព និងត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់នៃការសិក្សា និងការងារ។

សូមបញ្ជាក់ថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ដែលរៀបចំនៅថ្ងៃទី១២ និង១៣ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ មានការចូលរួមពីសហគ្រាស ក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធប្រមាណ ១៥០ និងនាំមកនូវឱកាសការងារប្រមាណ ៣៥,០០០កន្លែង សម្រាប់យុវជន និងអ្នកស្វែងរកការងារ៕