មើមរំដេងរបស់កសិករ នៅឃុំព្រះធាតុ ទទួលតម្លៃសមរម្យ ដោយមានឈ្មួញចុះទិញដល់ចម្ការ ឆ្លុះបញ្ចាំងពីតថភាពពិតនៃសេដ្ឋកិច្ចមូលដ្ឋាន ខុសពីការលើកឡើងរបស់ក្រុមអគតិមួយចំនួន
13-09-2026 12:47
(ត្បូងឃ្មុំ)៖ ផ្ទុយស្រឡះពីព័ត៌មានមិនពិត ឬការលើកឡើងពីក្រុមអគតិមួយចំនួន ទីផ្សារដំណាំរំដេងនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានដំណើរការល្អ និងមានតម្លៃសមរម្យ ដោយមានឈ្មួញចុះទិញដល់ចម្ការផ្ទាល់ ខេត្តត្បូងឃ្មុំ តាមយន្តការទីផ្សារសេរី និងការព្រមព្រៀងរវាងកសិករ និងឈ្មួញកណ្តាល ដោយមិនមានការបង្ខិតបង្ខំ ឬការកំណត់ថ្លៃស្រេចតែចិត្ត ពីភាគីណាមួយដែលធ្វើឱ្យប៉ះពាល់ ដល់ប្រយោជន៍របស់កសិករឡើយ។
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត ឆេង គឹមស៊ុន អនុប្រធានទី១ លោក ជា សំអាង អនុប្រធានទី៣ លោក ប៊ូ សុខា លោក អ៉ឹង ហុងស្រ៊ា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូរាំងឪ និងលោក អ៉ីវឯក សាវតី អនុប្រធានលេខាធិការដ្ឋាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ បានចុះពិនិត្យដោយផ្ទាល់ការប្រមូលផលមើមរំដេង ព្រមទាំងបានជួបជាមួយកសិករផ្ទាល់ និងឈ្មួញចុះទិញផ្តាច់មុខលើកសិផល (មើមរំដេង) នៅក្នុងឃុំព្រះធាតុ។
ក្រុមការងារបានពិនិត្យឃើញថា មានឈ្មួញកណ្តាលច្រើនចុះទិញដល់ចម្ការ អ្នកណាអោយថ្លៃលើសគេលក់អោយអ្នកនោះ គឺលក់ដោយសេរីមិនមែនប្រមូលទិញឬលក់ផ្តាច់មុខនោះទេ។ នៅចម្ការផ្ទាល់ រំដេង មានតម្លៃជាមធ្យមចន្លោះពី ២,០០០រៀល ទៅ ៣,០០០រៀល ដែលតម្លៃនេះផ្តល់ប្រាក់ចំណេញ ល្អប្រសើរដល់កសិករ។
ស្ថានភាពពិតជាក់ស្តែងនៃការដាំដុះ និងទីផ្សាររំដេងនៅឃុំព្រះធាតុ ទទួលបានទិន្នផលខ្ពស់ ដោយសារកសិករ បានប្រើប្រាស់បច្ចេកទេសទំនើប ដាំដុះរំដេងដោយប្រើ ប្រព័ន្ធស្រោចស្រពដំណក់ទឹក ដែលជួយឱ្យទទួលបានទិន្នផលខ្ពស់ ជាមធ្យមទទួលបានផលប្រមាណ ៤០តោន ក្នុងមួយហិកតា។ កសិករនៅក្នុងមូលដ្ឋានឃុំនាពេលកន្លងមកនេះ អាចប្រមូលផលមើមរំដេងជាច្រើនរយតោនក្នុងមួយឆ្នាំៗ។
សូមបញ្ចាក់ថារំដេង ជាដំណាំយកមើម មានភាពងាយស្រួលដាំ ហើយក៏មានទីផ្សារល្អផងដែរ។ កសិករនៅឃុំព្រះធាតុ បន្តពង្រីកផ្ទៃដីដាំដុះ រំដេង ជារៀងរាល់ឆ្នាំ ដោយសារតែដំណាំប្រភេទនេះ ងាយស្រួលថែទាំ និងមានទីផ្សារច្បាស់លាស់ និងអាចមានតម្លៃសមរម្យ ដែលកសិករអាចរកចំណូល បានល្អប្រសើរសម្រាប់ជីវភាពគ្រួសារ៕




