FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក​អភិបាលខេត្ត ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

13-09-2026 12:25

(ខេត្តសៀមរាប​)៖ ថ្ងៃសៅរ៍ ទី១២​ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ​សូហ្វីតែល​ អង្គរភូគីត្រា​ លោក​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តបានចូលជួបសម្តែងការគួរសមជាមួយលោក មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅខេត្តសៀមរាប។

លោក​ អភិបាលខេត្ត​ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំង និងប្រជាជនទូទាំងខេត្តសៀមរាប សូមសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅបំផុតជូនចំពោះ លោក មីន អាងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំង លោក លោកស្រីសមាជិកជាន់ខ្ពស់គណៈប្រតិភូអមដំណើរទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកបំពេញទស្សនកិច្ចមកកាន់ខេត្តសៀមរាប ដែលជាទឹកដីវប្បធម៌ និងប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា។​

ទោះបីជារយៈពេលដំណើរទស្សនកិច្ចរបស់ លោក ប្រធានាធិបតី និងគណៈប្រតិភូទាំងអស់ មាន ពេលកំណត់ក៏ដោយ ក៏ប៉ុន្តែដំណើរទស្សនកិច្ចនេះ បានលើកទឹកចិត្ត និងផ្តល់នូវមោទនភាពយ៉ាងក្រៃលែង សម្រាប់ខ្ញុំផ្ទាល់ជាថ្នាក់ដឹកនាំខេត្ត និងសហការីទាំងអស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទៅក្នុងខេត្តសៀមរាប។

លោក​ អភិបាលខេត្ត​ សង្ឃឹមថា ឯកឧត្តម ប្រធានាធិបតី និងគណៈប្រតិភូទាំងអស់ នឹងទទួលបាននូវបទពិសោធន៍ដ៏ល្អជាមួយនឹងទស្សនីយភាពនៃតំបន់ប្រាសាទបេតិកភណ្ឌពិភពលោក និងបរិយាកាស រស់នៅនៃខេត្តសៀមរាប-អង្គរទេសចរណ៍ដ៏ប្រណិតមួយនេះ។

លោកប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងប្រជាជនកម្ពុជាខេត្តសៀមរាប​ ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ប្រកបដោយភាពស្និទ្ធស្នាល និងភាតរភាព៕