FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរជាតិព្រះវិហារ ចេញសេចក្តីប្រកាសព័ត៌មានពីបេសកកម្មរបស់ក្លិបអ្នកកាសែតកម្ពុជា ចុះស្វែងយល់ពីផលប៉ះពាល់ក្រោយជម្លោះព្រំដែននៅខេត្តព្រះវិហារ

13-09-2026 11:55

(ព្រះវិហារ)៖ អាជ្ញាធរជាតិព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីបេសកកម្មរបស់ក្លិបអ្នកកាសែតកម្ពុជា ចុះស្វែងយល់ពីផលប៉ះពាល់ក្រោយជម្លោះព្រំដែននៅខេត្តព្រះវិហារ។

កាលពីថ្ងៃទី៩ ដល់ទី១១ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដែលមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សរុបចំនួន ៤៧នាក់ (ស្រី ៧នាក់) មកពី ២៣ស្ថាប័នផ្សេងៗគ្នា បានចុះបំពេញបេសកកម្មស្វែងយល់ផលប៉ះពាល់ក្រោយជម្លោះព្រំដែនពីរលើកកាលពីឆ្នាំ២០២៥ និងស្ថានភាពនៅក្នុងខេត្តព្រះវិហារ និងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា (CCI) សហការគាំទ្រដោយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) រដ្ឋបាលខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ។ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ក្រុមអ្នកសារព័ត៌មានបានចូលរួមកិច្ចពិភាក្សាតុមូលជាមួយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងឧត្តមសេនីយ៍ អ៊ាន សុធា តំណាងអង្គភាពស៊ីម៉ាក់ ក្រោមការសម្របសម្រួលដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា។

នៅក្នុងកិច្ចពិភាក្សានេះអភិបាលខេត្តបានជម្រាបជូនអំពីស្ថានភាពជនភៀសសឹកនៅក្នុងខេត្តព្រះវិហារ និងការខិតខំ ប្រឹងប្រែងរបស់រដ្ឋបាលខេត្តក្នុងការរៀបចំជម្រកបណ្តោះអាសន្នសម្រាប់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ ទៅកាន់ភូមិរបស់ពួកគាត់បានដោយសារសំណល់អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅសល់ក្រោយសង្គ្រាម និងស្ថានភាពភូមិសាស្ត្រងាយរងគ្រោះ និងកម្មវិធីគោលនយោបាយនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីជួយសម្រួល ដល់ជីវភាពប្រចាំថ្ងៃរបស់ជនភៀសសឹក។

ជាមួយគ្នានោះ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានជម្រាបជូនអំពីស្ថានភាពខូចខាតប្រាសាទព្រះវិហារ ការបំផ្លិចបំផ្លាញកិច្ចការអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ ដែលបានអនុវត្តជាង១៨ឆ្នាំកន្លងទៅ ដោយអាជ្ញាធរជាតិព្រះវិហារ គម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥ របស់រាជរដ្ឋាភិបាលឥណ្ឌា គម្រោងអភិរក្ស និងជួសជុលជណ្តើរខាងជើង របស់មូលនិធិស្ថានទូតសហរដ្ឋអាមេរិក ដើម្បីអភិរក្សសម្បត្តិវប្បធម៌។

អគ្គនាយកក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការធ្វើយុទ្ធនាការក្នុងវេទិកាអន្តរជាតិ ពិសេសអង្គការយូណេស្កូ និងគណៈកម្មការបេតិកភណ្ឌពិភពលោក ហើយបានទទួលបេសកកម្មប្រឹក្សារបស់ តំណាងគណៈកម្មការបេតិកភណ្ឌពិភពលោក និងតំណាងក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាសាទ និងរមណីយដ្ឋាន ដោយបានផ្តល់អនុសាសន៍សំខាន់ ៗសម្រាប់សង្គ្រោះប្រាសាទព្រះវិហារក្នុងពេលបន្ទាន់រយៈពេលខ្លី មធ្យម និងវែង។

តំណាងមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានជម្រាបជូនអំពីស្ថានភាពអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើប្រាសាទព្រះវិហារ និងលទ្ធផលការបោសសម្អាតកន្លងមក។ បន្ទាប់ពីបញ្ចប់សន្និសីទសារព័ត៌មាន លោកអភិបាលខេត្ត បាននាំប្រតិភូសារព័ត៌មានចុះពិនិត្យផ្ទាល់ស្ថានភាពភូមិតាកឹងបៃតង ដែលកំពុងរៀបចំដោយរដ្ឋបាលខេត្តសម្រាប់ប្រជាជនភៀសសឹក។

នៅថ្ងៃទី១០ ខែកញ្ញា គណៈប្រតិភូបានចុះពិនិត្យការខូចខាតប្រាសាទព្រះវិហារ សម្របសម្រួលដោយអាជ្ញាធរជាតិ ព្រះវិហារ និងមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា។ គណៈប្រតិភូបានពិនិត្យជាក់ស្តែងស្ថានភាពគ្រាប់ផ្លោងដែលបានបង្កការខូចខាតចំនួន ៥៦២កន្លែង និងលទ្ធផលនៃការខិតខំប្រឹងប្រែងសង្គ្រោះប្រាសាទព្រះវិហារ តាមរយៈជំនួយសង្គ្រោះបន្ទាន់ពីអង្គការយូណេស្កូ ដោយមានការចូលរួមពីមូលនិធិគណៈកម្មការបេតិកភណ្ឌពិភពលោក មូលនិធិអង្គការ ALIPH និងតំណាងប្រតិភូអចិន្ត្រៃយ៍បារាំងប្រចាំយូណេស្កូ បានចំនួនប្រមាណ ២០ម៉ឺនដុល្លារ ជូនរដ្ឋាភិបាលកម្ពុជាអនុវត្តអនុសាសន៍របស់បេសកកម្មអ្នកជំនាញការអន្តរជាតិខាងលើអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ សហការ និងសម្របសម្រួលពីការិយាល័យយូណេស្កូប្រចាំកម្ពុជា មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា និងអន្តរជាតិលើសកម្មភាពមួយចំនួនដូចជា៖

*បោសសម្អាតសំណល់អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះបរិវេណប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រមាណ ៧០ហិកតា
*ទល់ទ្ររចនាសម្ព័ន្ធប្រាសាទពីការដួលរលំចំនួន ២៣កន្លែង
*ប្រមូលបំណែកថ្មប្រាសាទ និងក្បាច់ចម្លាក់ចំនួនប្រមាណ ៧ម៉ឺនបំណែក
*ចងក្រងឯកសារស្ថានភាពខូចខាតប្រាសាទព្រះវិហារ តាមរយៈការថតរូបភាព វីដេអូ និង 3D
*ស្តារប្រព័ន្ធផ្លូវទឹកបុរាណដើម្បីបញ្ចៀសផលប៉ះពាល់ប្រាសាទបន្ថែមទៀត។

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូបានធ្វើសន្និសីទព័ត៌មានជាមួយប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ដោយលោកបានបញ្ជាក់ថា ក្នុងជម្លោះទាំងពីរលើកកន្លងមក យោធាថៃ បានបាញ់គ្រាប់កាំភ្លើងធំប្រមាណ ១ ៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ ហើយបន្សល់នូវអាវុធយុទ្ធភណ្ឌមិន ទាន់ផ្ទុះចំនួន ៩៧៧គ្រាប់ និងដ្រូន ៤គ្រឿង។ គណៈប្រតិភូក៏បានធ្វើទស្សនកិច្ចសារមន្ទីរមីន ពិនិត្យមើលសំណល់ អាវុធយុទ្ធភណ្ឌរបស់យោធាថៃ ដែលបានប្រើប្រាស់លើប្រាសាទព្រះវិហារ។

អាជ្ញាធរជាតិព្រះវិហារ សូមវាយតម្លៃខ្ពស់ចំពោះប្រធានក្លិបសារព័ត៌មានកម្ពុជា និងប្រតិភូសារព័ត៌មានទាំងអស់ដែលបានចុះពិនិត្យ និងប្រមូលព័ត៌មានដោយផ្ទាល់ដើម្បីជម្រាបជូនជនរួមជាតិ និងអន្តរជាតិ អំពីស្ថានភាពជាក់ស្តែងនៃ ជនភៀសសឹក ការខូចខាតប្រាសាទព្រះវិហារ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

អាជ្ញាធរជាតិព្រះវិហារក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អង្គការយូណេស្កូ គណៈកម្មការបេតិកភណ្ឌពិភពលោក និងអង្គការ ALIPH ដែលបានផ្តល់មូលនិធិសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួម អនុវត្តយ៉ាងសកម្មនាពេលកន្លងមកដើម្បីថែរក្សា ការពារ និងសង្គ្រោះប្រាសាទព្រះវិហារ៕