FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គិសនីកម្ពុជា ដាក់ឱ្យដំណើរការអនុស្ថានីយចល័តនៅសៀមរាប និងកំពង់ធំ ដើម្បីពង្រឹងការផ្គត់ផ្គង់អគ្គិសនី

13-09-2026 09:49

(សៀមរាប-កំពង់ធំ)៖ នៅថ្ងៃទី១១ និង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ អគ្គិសនីកម្ពុជា បានបញ្ចប់ការធ្វើតេស្ត និងដាក់ឱ្យដំណើរការនូវអនុស្ថានីយចល័ត (Mobile Substation) ទី២ តង់ស្យុង ១១៥/២២ គីឡូវ៉ុល អានុភាព ៣០ MVA នៅអនុស្ថានីយសៀមរាបខាងត្បូង ក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប និង អនុស្ថានីយចល័តទី១ តង់ស្យុង ២៣០/២២ គីឡូវ៉ុល អានុភាព ៣០ MVA នៅអនុស្ថានីយបារាយណ៍ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់អគ្គិសនីបន្ទាន់ចំពោះមុខ ដោយជួយបង្កើនលទ្ធភាព និងប្រសិទ្ធភាពនៃការផ្គត់ផ្គង់អគ្គិសនី។

អនុស្ថានីយចល័តនៅខាងត្បូងសៀមរាបនេះនឹងក្លាយជាប្រភពថ្មីនៅជិតកណ្តាលទីក្រុងតែម្តង ដែលនឹងបង្កើនលទ្ធភាព និងប្រសិទ្ធភាពនៃការផ្គត់ផ្គង់អគ្គិសនី ក៏ដូចជាកាត់បន្ថយការបាត់បង់ថាមពលបន្ថែមទៀត ជំនួសឱ្យប្រភពពីមុនដែលនៅចម្ងាយឆ្ងាយពីទីរួមខេត្ត ខណៈអនុស្ថានីយអចិន្ត្រៃយ៍កំពុងអនុវត្តការងារសាងសង់នៅឡើយ ហើយនឹងបញ្ចប់នៅចុងឆ្នាំ២០២៧ ដោយប្រើប្រាស់កម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ។

ដោយឡែកអនុស្ថានីយចល័តនៅបារាយណ៍ក៏ក្លាយជាប្រភពអគ្គិសនីថ្មីមួយសម្រាប់ ប្រជាជន រោងចក្រ ឧស្សាហកម្ម-កសិកម្មនៅទីនោះ និងតំបន់ជុំវិញ ដែលពីមុនត្រូវយកប្រភពពីអនុស្ថានីយកំពង់ធំ ដែលមានចម្ងាយ ៥០km សម្រាប់ស្រុកបារាយណ៍ និងស្រុកតាំងគោក ហើយប្រមាណ១០០km សំរាប់ស្រុកសន្ទុក ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកចំការលើ ខេត្តកំពង់ចាម ដែលកំពុងមានកំណើនប្រើប្រាស់អគ្គិសនី ខណៈដែលអនុស្ថានីយបារាយណ៍អចិន្ត្រៃយ៍គ្រោងនឹងសាងសង់នៅប្រមាណ ៤ឆ្នាំទៀត ដោយប្រើប្រាស់ឥណទានរបស់ AFD ពីប្រទេសបារាំង។

ដូច្នេះ នៅពេលអនុស្ថានីយអគ្គិសនីអចិន្ត្រៃយ៍ទាំងពីរខាងលើនេះសាងសង់រួចរាល់ អគ្គិសនីកម្ពុជានឹងបង្វែរអនុស្ថានីយចល័តទៅប្រើនៅកន្លែងផ្សេងដែលមានតម្រូវបន្ទុកកើនឡើងខ្លាំង ដែលត្រូវការពេលប្រមាណ ២ សប្តាហ៍ ឬសម្រាប់ជំនួសអនុស្ថានីយដែលមានស្រាប់នៅពេលមានបញ្ហា ដោយត្រូវការពេលប្រមាណ ២ ឬ ៣ថ្ងៃប៉ុណ្ណោះ។