លោក ជឺ ចំណាន អញ្ជើញកាត់កញ្ចប់វិញ្ញាសាប្រឡងជ្រើសរើសក្រុមចុះឈ្មោះតាមឃុំ សង្កាត់ នៅខេត្តពោធិ៍សាត់
13-09-2026 09:44
(ពោធិ៍សាត់)៖ លោក ជឺ ចំណាន អនុប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញកាត់កញ្ចប់វិញ្ញាសា ក្នុងការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារជាក្រុមចុះឈ្មោះតាមឃុំ សង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅសាលាបឋមសិក្សាពោធិ៍សាត់ ខេត្តពោធិ៍សាត់។
នាឱកាសនោះ លោក ជឺ ចំណាន បានថ្លែងថា ក្នុងស្មារតីបើកទូលាយ និងដើម្បីពង្រឹងទំនុកចិត្តជាសាធារណៈលើដំណើរការប្រជាធិបតេយ្យនៅកម្ពុជា គ.ជ.ប បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដោយផ្អែកលើគោលការណ៍តម្លាភាព យុត្តិធម៌ និងសមធម៌ ដើម្បីជ្រើសរើសបេក្ខជនដែលមានសមត្ថភាព និងគុណវុឌ្ឍិសមស្រប មកបំពេញការងារជាក្រុមចុះឈ្មោះតាមឃុំ សង្កាត់។
លោកបានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជាកិច្ចការដែលត្រូវអនុវត្តប្រចាំឆ្នាំស្របតាមច្បាប់ ក្នុងគោលបំណងលើកកម្ពស់គុណភាព និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត ដើម្បីឱ្យបញ្ជីបោះឆ្នោតមានភាពត្រឹមត្រូវ ពេញលេញ និងបច្ចុប្បន្នភាព ស្របតាមគោលការណ៍បញ្ជីបោះឆ្នោតអចិន្ត្រៃយ៍។
លោក ជឺ ចំណាន បានបន្តថា ការងារនេះមានសារៈសំខាន់ក្នុងការធានាឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត អាចទទួលបានសិទ្ធិរបស់ខ្លួនក្នុងការចូលរួមក្នុងដំណើរការបោះឆ្នោត ហើយជាមូលដ្ឋានដ៏សំខាន់សម្រាប់ គ.ជ.ប ក្នុងការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ។
ការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ត្រូវបានរៀបចំឡើងដើម្បីធានាថា មន្ត្រីដែលត្រូវចូលរួមបំពេញការងារតាមឃុំ សង្កាត់ មានចំណេះដឹង សមត្ថភាព និងការយល់ដឹងច្បាស់លាស់អំពីភារកិច្ចដែលត្រូវអនុវត្ត ជាពិសេសការងារពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
សូមជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅតាមឃុំ-សង្កាត់ទូទាំងប្រទេស នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ៕



















