អាវុធហត្ថខេត្តកែប បញ្ជូនខ្លួនជនជាតិចិនម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់ នៅភូមិសាស្ត្រក្រុងកែប
13-09-2026 09:36
(កែប)៖ កម្លាំងជំនាញអាវុធហត្ថខេត្តកែប បញ្ជូនខ្លួនជនជាតិចិនម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់ នៅភូមិសាស្ត្រក្រុងកែប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
លោកវរសេនីយ៍ទោ មៀច ប៊ុនថា មេបញ្ជាការរង ទទួលការងារជំនាញព្រហ្មទណ្ឌ បានប្រាប់ Fresh News ឲ្យដឹងថា ជនសង្ស័យដែលនាំខ្លួនខាងលើមានឈ្មោះ WU YANWEI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅខេត្តព្រះសីហនុ។
លោកវរសេនីយ៍ទោ មៀច ប៊ុនថា បានបន្តទៀតថា ក្នុងករណីបង្ក្រាបរបស់កងកម្លាំងរាជអាវុធហត្ថខេត្ត ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំកម្លាំង ពីរូបលោកផ្ទាល់ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក លុយ ទីហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប បានចុះប្រតិបត្តិការបង្ក្រាបករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់ បានទាន់ពេលវេលា។
លោកមៀច ប៊ុនថា បន្តថា ប្រតិបត្តិការបង្ក្រាបជនជាតិចិនខាងលើ បានធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្លូវកោង ជិតរង្វង់មូលសេះស ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន ៥នាក់ ក្នុងនោះជនជាតិចិន ៣នាក់ ស្រី១នាក់ និងជនជាតិខ្មែរ ២នាក់ ស្រី១នាក់ រួមនឹងវត្ថុតាង មានអាវុធខ្លី ម៉ាកGlock ១ដើម អាវុធវែង២ដើម M.sixteen ១ដើម និង Ak.Forty seven កែច្នៃ ១ដើម មធ្យោបាយ រថយន្តម៉ាក Jeep ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BT-2733 ចំនួន ១គ្រឿង និងទូរស័ព្ទដៃស្មាតហ្វូន ៦គ្រឿង។
ក្រោយពីការបង្ក្រាបបាន ក៏នាំខ្លួនជនសង្ស័យទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង មករក្សាទុក និងសួរនាំនៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ដើម្បីចាត់ការតាមផ្លូវច្បាប់។
ក្រោយពីសួរនាំ រកឃើញថាមនុស្សប្រុស ស្រី អត់ពាក់ព័ន្ធ ចំនួន៤នាក់ កម្លាំងជំនាញ ក៏សុំគោលការណ៍ពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកែប បានធ្វើការដោះលែងឲ្យមានសេរីភាពវិញ។
ដោយឡែកជនជាប់សង្ស័យម្នាក់ ឈ្មោះ WU YANWEI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមអ្នកនីតិវិធីច្បាប់៕






