FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន នាំយកអំណោយ និងថវិកាឧបត្ថម្ភជូនវីរៈកងទ័ពនៅសមរភូមិមុខ

13-09-2026 08:37

(កំពង់ស្ពឺ)៖ នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ សំណេះសំណាល និងឧបត្ថម្ភជាថវិកា សម្ភារៈគ្រឿងឧបភោគបរិភោគដល់វីរៈកងទ័ព លោកអនុសេនីយ៍ត្រី រស់ សុផល អង្គភាពទ័ពពិសេសឆ័ត្រយោង៩១១ ឈរជើងទិសទី១ ប្រាសាទព្រះវិហារ។

សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងដោយអនុវត្តតាមការចង្អុលបង្ហាញតម្រង់ទិសរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងបានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពនៅសមរភូមិមុខទាំងអស់ ដែលបានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ការពារជាតិមាតុភូមិ និងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល។

ជាទឹកចិត្តក្រោមស្មារតីមនុស្សធម៌ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បាននាំយកនូវថវិកាចំនួន ៤០០,០០០រៀល រួមនឹងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ អង្ករ២បេ ទឹកបរិសុទ្ធ ៤កេស ទឹកភេសជ្ជៈ ២កេស ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ និងត្រីខ ២យួរ ជូនដល់លោកអនុសេនីយ៍ត្រី រស់ សុផល និងគ្រួសារ ដែលសរុបជាថវិកាចំនួន ៧៣៤,០០០រៀល។

កាយវិការនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខរបស់កងទ័ព ដែលជាកម្លាំងស្នូលក្នុងការការពារជាតិ។