FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត កៅ ថាច លើកទឹកចិត្តដល់រោងម៉ាស៊ីនកិនស្រូវ បន្តបង្កើនសកម្មភាពប្រមូលទិញស្រូវ នឹងពង្រឹងកិច្ចសហការគ្នាធ្វើយ៉ាងណា សម្រេចឲ្យជោគជ័យផែនការនាំចេញអង្ករកម្ពុជា១លានតោននៅឆ្នាំនេះ., ARDB នៅតែបន្ដគាំទ្រផ្នែកហិរញ្ញវត្ថុ

12-09-2026 19:42

(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្ត បន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង។

ក្នុងកិច្ចប្រជុំនោះលោកបណ្ឌិតបានលើកឡើថា ដើម្បីរក្សាការនាំចេញ១លានតោន ប្រចាំឆ្នាំឬលើសពីនេះ ខាងធនាគារ ARDB នៅតែបន្តគាំទ្រផ្នែកហិរញ្ញប្បទាន ដូច្នេះសូមរោងម៉ាស៊ីន បន្តបង្កើនសកម្មភាពប្រមូលទិញស្រូវ នឹងពង្រឹងកិច្ចសហការគ្នាធ្វើយ៉ាងណា ដើម្បីសម្រេចឲ្យបានជោគជ័យនូវផែនការ នាំចេញអង្ករកម្ពុជាចំនួន ១លានតោនសម្រាប់ឆ្នាំ២០២៦នេះ។

កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពី ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញសរុបជាង ២០នាក់។

លោកបណ្ឌិត កៅ ថាច បានថ្លែងឲ្យដឹងថា ការជួបជុំថ្ងៃនេះដើម្បីពិនិត្យវឌ្ឍនភាព នៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ ១លានតោនដែលជាមាសសរបស់កម្ពុជាយើង ព្រោះ១៦ឆ្នាំនេះ តាមការដាក់ចេញគោលនយោបាយ តាំងពីឆ្នាំ២០១០មក ថ្វីបើយើងជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានថា តម្លៃស្រូវធ្លាក់ចុះមិនសមហេតុផលនៅឆ្នាំ២០១៦ តែធាតុពិតយើងបានដោះស្រាយជោគជ័យ បញ្ហា គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដូចជា ឃ្លាំង ឡសម្ងួតនៅឡើយ ព្រមទាំងទុនបង្វិលធ្វើឲ្យឈ្នួញកណ្តាល ទម្លាក់តម្លៃស្រូវកសិករ។

លោកបណ្ឌិតបានរំលឹកទៀតថា «ដើម្បីរក្សាការនាំចេញ១លានតោន ប្រចាំឆ្នាំឬលើសពីនេះ ខាងធនាគារ ARDB នៅតែបន្តគាំទ្រផ្នែកហិរញ្ញប្បទាន ដូច្នេះសូមរោងម៉ាស៊ីន បន្តបង្កើនសកម្មភាពប្រមូលទិញស្រូវ នឹងពង្រឹងកិច្ចសហការគ្នាធ្វើយ៉ាងណា ដើម្បីសម្រេចឲ្យបានជោគជ័យនូវផែនការ នាំចេញអង្ករកម្ពុជាចំនួន ១លានតោនសម្រាប់ឆ្នាំ២០២៦នេះ»

លោកបណ្ឌិតប្រតិភូបានបញ្ជាក់អំពី ការត្រៀមកញ្ចប់ថវិកាគាំទ្រប្រកាសជាផ្លូវការអំពី ការត្រៀមបម្រុងកញ្ចប់ឥណទានទុនបង្វិលរហូតដល់ ២០០លានដុល្លារអាមេរិកពីធនាគារ ARDB សម្រាប់រដូវកាលប្រមូលផលនេះ ដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងការទិញស្រូវស្តុកទុកទាន់ពេលវេលា និងរក្សាលំនឹងតម្លៃលើទីផ្សារ។

ជុំវិញព័ត៌មានអំពីការប្រែប្រួលទីផ្សារហ្វីលីពីន ដែលមានការបញ្ជារទិញអង្ករពីវៀតណាមច្រើននោះ បណ្ឌិត លោក កៅ ថាច បានបញ្ជាក់ប្រាប់ដល់រោងម៉ាស៊ីនកិនស្រូវ​​ ក្នុងខេត្តជាប់បឹងទន្លេសាបឲ្យពិនិត្យមើលទីផ្សារវៀតណាម ព្រោះចុងក្រោយនេះ កំពុងត្រូវការអង្ករប្រណិតច្រើន ដើម្បីនាំចេញ ក្នុងនោះរោងម៉ាស៊ីនក្នុងស្រុកយើងអាចគិតគូរប្រមូលទិញស្រូវនៅតាមជាប់ព្រំដែនកម្ពុជា និងវៀតណាមបន្ថែមទៀត ដើម្បីបង្កើនការស្តុក និងនាំចេញក្នុងបរិមាណកាន់តែច្រើនថែមទៀត។

លោកបណ្ឌិតប្រតិភូបានប្រាប់ដល់រោងម៉ាស៊ីន និងក្រុមហ៊ុននាំចេញអង្ករត្រូវខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ពោល ដើម្បីជាកម្លាំងដ៏រឹងមាំចូលរួមលើកកម្ពស់ ខ្សែច្រវាក់តម្លៃស្រូវអង្ករកម្ពុជាយើង ព្រមទាំងការពារផលប្រយោជន៍កសិករ ឲ្យតម្លៃស្រូវរបស់កសិករមានចីរភាព និងមានតម្លៃបន្ថែមខ្ពស់៕