FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង

12-09-2026 19:38

(ស្ទឹងត្រែង)៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ​នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ​បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងប្រគល់-ទទួលអំណោគ្រឿងឧបភោគបរិភោគដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ជូនដល់តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នៃយោធភូមិភាគទី១។

ក្នុងដំណើរចុះជួបសួរសុខទុក្ខ និងការនាំយកអំណោយមកប្រគល់ជូននាយ-ពលទាហានតំបន់សឹករងខេត្ត នាឱកាសនោះ រួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី និងទឹកស៊ីអ៊ីវ ដែលជាការឆ្លើយតបយ៉ាងទាន់ពេលវេលា ចំពោះតម្រូវការជីវភាពរស់នៅរបស់កងទ័ពនៅសមរភូមិមុខ។

ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហានទូទាំងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី តន ឆៃ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បានថ្លែង ដោយសម្តែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់កងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍មេបញ្ជាការបានបញ្ជាក់ថា ការយកចិត្តទុកដាក់នេះ គឺជាប្រភពថាមពល និងជាកម្លាំងចិត្តយ៉ាងធំធេង បង្កើតបានជា «ភាពកក់ក្តៅ» យ៉ាងជ្រាលជ្រៅ។ លោកឧត្តមសេនីយ៍ត្រី បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការ «ការពារបូរណភាពទឹកដី សន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ គាំទ្រយ៉ាងពេញទំហឹងលើការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៨ និងអាណត្តិបន្តបន្ទាប់ទៀត»។

នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បាននាំនូវប្រសាសន៍សួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ «សម្តេចធិបតី និងលោកជំទាវបណ្ឌិត» ជូនដល់កងកម្លាំងទាំងអស់។ នាយឧត្តមសេនីយ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីលះបង់ និងភាពអង់អាចក្លាហានរបស់យោធិនគ្រប់រូប ដែលមិនត្រឹមតែឈរជើងការពារព្រំដែនយ៉ាងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា «កម្លាំងស្នូលក្នុងការចុះជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយធម្មជាតិ» បានយ៉ាងទាន់ពេលវេលានិងមានប្រសិទ្ធភាព។

នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានរំលឹក និងតម្រង់ទិសដល់កងកម្លាំងទាំងអស់ ត្រូវបន្តគោរពអនុវត្ត «បទបញ្ញត្តិទាំង១០» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ បទបញ្ជានានារបស់ «សម្តេចធិបតី ហ៊ុន ម៉ាណែត», ប្រកាន់ខ្ជាប់នូវ «លក្ខន្តិកៈទូទៅ នៃកងយោធពលខេមរភូមិន្ទ» ដើម្បីថែរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និងជំនឿទុកចិត្តពីប្រជាជាតិទាំងមូល៕