FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្ដពិនិត្យរដ្ឋបាលក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត រកឃើញជនបរទេស៥០នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams

12-09-2026 19:30

(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបន្ដចុះពិនិត្យរដ្ឋបាលក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត ក្រែងមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។​

ប្រតិបត្តិការនេះដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ត ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត និងមានការចូលរួមពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងមានការចូលរួមសហការពីសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត។​

ក្នុងនោះកម្លាំងសមត្ថកិច្ចបានពិនិត្យលើជនបរទេស ចំនួន ៥០នាក់ ស្រី២០នាក់ (ជនជាតិថៃ៤០នាក់ ស្រី១៩នាក់ ជនជាតិឥណ្ឌូនេស៊ី៧នាក់ ជនជាតិឡាវ៣នាក់ ស្រី១នាក់) មានឯកសារត្រឹមត្រូវចំនួន១២នាក់ គ្មានឯកសារ៣៧នាក់។​

ទីតាំងដែលបានចុះការងាររដ្ឋបាលមានដូចតទៅ៖

*១៖ សង្កាត់ប៉ោយប៉ែត ដឹកនាំដោយលោក បោន សិលា អភិបាលរងក្រុងប៉ោយប៉ែត និងលោក ប៉ុក សិរីបុត្រ នាយករងរដ្ឋបាលសាលាក្រុង អនុវត្តបានចំនួន២គោលដៅ រកឃើញជនបរទេសស្នាក់នៅចំនួន៧នាក់ (ជនជាតិឥណ្ឌូនេស៊ី) មានឯកសារត្រឹមត្រូវ និងទីតាំងពុំមានពាក់ព័ន្ធបទល្មើសស្តេមអនឡាញទេ។​

*២៖ សង្កាត់អូរជ្រៅ ដឹកនាំដោយលោក ពេស រិយ៉ាស័ក អភិបាលរងក្រុង និងលោក ស៊ូ បាន នាយករងរដ្ឋបាលក្រុងប៉ោយប៉ែត អនុវត្តបានចំនួន២គោលដៅ រកឃើញជនបរទេសស្នាក់នៅចំនួន៤៣នាក់ ស្រី២០នាក់ (ជនជាតិថៃ៤០នាក់ ស្រី ១៩នាក់ ឡាវ៣នាក់ ស្រី១នាក់) មានឯកសារត្រឹមត្រូវ ទាំងអស់ ពុំមានពាក់ព័ន្ធបទល្មើសអនឡាញទេ។

*៣៖ សង្កាត់ផ្សារកណ្ដាល ដឹកនាំដោយលោក មាស សំណាងអភិបាលរងក្រុងចុះអនុវត្តបានចំនួន១ទីតាំង ពុំមានជនបរទេសស្នាក់នៅទេ៕