FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវកិនកែច្នៃនៅតាមរោងម៉ាស៊ីន ក្នុងខេត្តបាត់ដំបង

12-09-2026 19:32

(បាត់ដំបង)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីន ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។

ដំណើរទស្សនកិច្ច និងស្វែងយល់នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់នេះ រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់ ១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។

ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺក្នុងគោលបំណង តាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយ របស់រាជរដ្ឋាភិបាល និងស្របតាមទិសដៅនាំចេញអង្ករ១លានតោនក្នុងមួយឆ្នាំផងដែរ។

ដើម្បីចូលរួមលើកកម្ពស់តម្លៃស្រូវ របស់កសិករឲ្យមានតម្លៃបន្ថែមខ្ពស់ និងរក្សាស្ថេរភាពតម្លៃ លោកបណ្ឌិត កៅ ថាច ក្នុងនាមធនាគារគោលនយោបាយ បានជំរុញឲ្យរោងម៉ាស៊ីនក្នុងស្រុក ត្រូវបង្កើនការទិញស្រូវពីកសិករឲ្យអស់លទ្ធភាព នារដូវច្រូតកាត់ឆ្នាំនេះ ក្នុងតម្លៃសមរម្យ ដើម្បីបង្កើនការស្តុកទុក សម្រាប់កិនកែច្នៃទៅជាអង្ករ បម្រើដល់ការផ្គត់ផ្គង់​ក្នុងស្រុកផង និងនាំចេញទៅទីផ្សារអន្តរជាតិផង៕