FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ចំនួន៣៣០ នាក់ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

12-09-2026 18:29

(កំពង់ឆ្នាំង)៖ គណៈកម្មាធិការគណបក្សស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៣៣០រូប ជាសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស។

ពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស, គណៈកម្មាធិការគណបក្សស្រុក, គណៈកម្មាធិការគណបក្សឃុំទាំង៤ ព្រមទាំងសមាជិក សមាជិកានៃអង្គពិធីសរុបប្រមាណ ៣៧០រូប។

នាឱកាសនោះដែរ លោក សូត្រ សង់ ប្រធានគណៈកម្មាធិការគណបក្សស្រុកទឹកផុស បានធ្វើរបាយការណ៍ស្វាគមន៍ដោយបានរំលេចនូវស្ថានភាព គណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកទឹកផុស។ បន្ទាប់មក តាមតំណាងសមាជិកគណបក្ស បានអានពាក្យស្នើសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានោះដែរ

លោកអនុប្រធានគណៈកម្មាធិការគណបក្សស្រុកទឹកផុស បានអានសេចក្ដីសម្រេចបញ្ចូលសមាជិកគណបក្សដែលមានចំនួនសរុប ៣៣០រូប របស់គណៈកម្មាធិការគណបក្សឃុំចំនួន ៤ គឺឃុំអភិវឌ្ឍន៍, ឃុំជៀប, ឃុំខ្លុងពពក និងឃុំទួលខ្ពស់ នៃស្រុកទឹកផុស។ បន្ទាប់ពីការអាននូវសេចក្ដីសម្រេចរួចមក តំណាងសមាជិកថ្មីដែលត្រូវបានទទួលស្គាល់ បានឡើងធ្វើការប្ដេជ្ញាចិត្តក្នុងការដើរតាមគោលនយោបាយ គោរពលក្ខន្តិកៈ និងបទបញ្ញាផ្ទៃក្នុងរបស់គណបក្ស។

បន្ទាប់ពីការអានសេចក្ដីសម្រេច និងការប្ដេជ្ញាចិត្តរួចមក លោក ឆាយ ឫទ្ធិសែន បានអញ្ជើញប្រគល់សេចក្ដីសម្រេចបញ្ចូលសមាជិកជូនតំណាងសមាជិកថ្មី ចំនួន ១២រូប ជានិមិត្តរូប។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ លោកប្រធាន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុក ឃុំ និងគណៈកម្មាធិការគណបក្សស្រុក ឃុំ ដែលបានបំពេញតួនាទី និងភារកិច្ចយ៉ាងល្អ នាពេលកន្លងមក រហូតសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន ជាពិសេសការខិតខំបង្កើនសមាជិករបស់គណបក្សជាបន្ដបន្ទាប់ ដែលជាកម្លាំងគាំទ្រដ៏រឹងមាំ ដើម្បីរក្សាប្រៀបឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ នាពេលខាងមុខ។

ក្នុងឱកាសនោះដែរ លោកប្រធាន ក៏បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានសមាជិកថ្មីទាំង ៣៣០រូប ចំពោះការសម្រេចចិត្តក៏ត្រឹមត្រូវ ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ បានជួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈទាំងអស់។ លោកបានបញ្ជាក់ជូនសមាជិក សមាជិកាដែលទើបបញ្ចូលថ្មីទាំងអស់ ត្រូវខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយនិងលក្ខន្តិកៈរបស់គណបក្ស, ត្រូវកសាងទំនាក់ទំនងល្អ ជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្ស ច្បាប់របស់រដ្ឋជូនដល់ប្រជាជន, ត្រូវថែរក្សាធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្ស និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។

បន្ថែមពីនេះ លោកប្រធានបានសង្កត់ធ្ងន់ថា សមាជិក សមាជិកាបក្សទាំងអស់ ត្រូវបន្តគាំទ្រនិងលើកកម្ពស់គុណតម្លៃសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុង និងត្រូវថែរក្សា “សន្តិភាព” ឱ្យបានគង់វង្សជាដាច់ខាត ទោះបីលះបង់ក្នុងតម្លៃណាក៏ដោយ។

ជាថ្មីម្ដងទៀត លោកប្រធាន បានផ្ដាំផ្ញើដល់អង្គពិធីទាំងអស់ ត្រូវបន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សឱ្យបានរឹងមាំ ដោយផ្អែកលើបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈបក្ស និងគោរពតាមគោលការណ៍បក្ស មតិភាគតិចគោរពមតិភាគច្រើន និងសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ៕